អដ្ឋកថា វិគតិច្ឆជាតកទី ៤
[ ៣៣៨-៣៣៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បលាយិបរិព្វាជកម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ បស្សតិ ន តំ ឥច្ឆតិ ដូច្នេះជាដើម ។ បានឮថា បរិព្វាជកនោះមិនបាននូវចម្លើយក្នុងសកលជម្ពូទ្វីប ទើបមកកាន់ ក្រុងសាវត្ថីសួរថា អ្នកណាហានលើកវាទៈជាមួយយើង បានឮថា ព្រះ សម្មាសម្ពុទ្ធទ្រង់អាចទើបចោមរោមដោយមហាជន នាំគ្នាទៅកាន់វត្តជេតពន ទូលសួរបញ្ញានឹងព្រះសាស្តាដែលកំពុងសម្តែងធម៌ក្នុងកណ្តាលបរិស័ទ ៤ ។ លំដាប់នោះព្រះសាស្តាទ្រង់ឆ្លើយបញ្ញាដល់បរិព្វាជកនោះ ហើយត្រាស់ សួរថា អ្វីឈ្មោះថា ១ បរិព្វាជកនោះមិនអាចឆ្លើយបានទើបក្រោកគេចទៅ បរិស័ទដែលអង្គុយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បរិព្វាជកត្រូវទ្រង់ សង្កត់សង្កិនដោយបញ្ញា ១ បុណ្ណោះ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ តថាគតមិនមែនញាំញីបរិព្វាជកដោយបញ្ញា ១ ក្នុងកាល ឥឡូវនេះបុណ្ណោះទេសូម្បីក្នុងកាលមុនតថាគតក៏សង្កត់សង្កិនបានដូចគ្នា ហើយ ទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែនកាសី កាលចម្រើនវ័យហើយ លះកាមចេញបួសជាឥសីក្នុងហិមវន្តប្បទេសអស់កាលដ៏យូរ ។ តមកព្រះពោធិសត្វចុះអំពីភ្នំ អាស្រ័យភូមិមួយ ស្នាក់នៅក្នុងបណ្ណសាលាក្បែរស្ទឹងដែល មានទឹកវល់ ។ សម័យនោះបរិព្វាជកម្នាក់មិនបាននូវការលើកវាទៈក្នុងសកលជម្ពូទ្វីប ទើបទៅដល់តំបន់នោះសួរថា មាននរណាហ្ន៎ដែលអាចលើកវាទៈជាមួយនឹង យើងបាន ដឹងថាមាន ព្រោះបានស្តាប់ដល់ភាពអង់អាចរបស់ព្រះពោធិសត្វ ទើបចោមរោមដោយមហាជនទៅកាន់លំនៅរបស់ព្រះពោធិសត្វនោះ ធ្