អដ្ឋកថា មូលបរិយាយជាតកទី ៥

ក្បាលទី 46 · ទំព័រ 519

[ ៣៤០-៣៤១ ] ព្រះសាស្តាកាលគង់នៅក្នុងសុភគវ័ន អាស្រ័យឧក្កដ្ឋធានី ទ្រង់ប្រារព្ធមូលបរិយាយសូត្រ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា កាលោ ឃសតិ ភូតានិ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះមានព្រាហ្មណ៍ ៥០០ ចប់ត្រៃវេទហើយចេញ បួសក្នុងសាសនា រៀនព្រះត្រៃបិដក ជាអ្នកស្រវឹងដោយមានះគិតថា ព្រះ សម្មាសម្ពុទ្ធទ្រង់ចេះព្រះត្រៃបិដក សូម្បីយើងក៏ចេះព្រះត្រៃបិដក កាលបើ ដូច្នេះ យើងនឹងព្រះសម្មាសម្ពុទ្ធនឹងផ្សេងគ្នាដូចម្តេច ដូច្នេះទើបមិនទៅគាល់ ព្រះសម្ពុទ្ធតាំងខ្លួនជាបដិបក្ខ ។ ថ្ងៃមួយព្រះសាស្តាកាលភិក្ខុទាំងនោះប្រជុំគ្នា ក្នុងសម្នាក់របស់ព្រះអង្គ ត្រាស់មូលបរិយាយសូត្រប្រដាប់ដោយភូមិ ៨ ភិក្ខុទាំងនោះកំណត់អ្វីមិនបានទើបមានការគិតថា ពួកយើងតម្កើងខ្លួនថា មិន មាននរណាឈ្លាសស្មើពួកយើងតែឥឡូវនេះពួកយើងមិនដឹងអ្វីសោះឈ្មោះថា អ្នកឈ្លាសដូចព្រះសម្ពុទ្ធមិនមាន ឈ្មោះថាពុទ្ធគុណគួរអស្ចារ្យហ្ន៎ ។ តាំង អំពីនោះមកភិក្ខុទាំងនោះក៏អស់នូវមានះអស់នូវការវង្វេង ដូចពស់ពិសដែល ដកចង្កូមហើយដូច្នោះ ។ ព្រះសាស្តាគង់នៅក្នុងឧក្កដ្ឋធានីតាមផាសុក ហើយយាងទៅកាន់ក្រុង វេសាលី ត្រាស់គោតមកសូត្រត្រង់គោតមចេតិយ ។ លោកធាតុមួយម៉ឺន ញាប់ញ័រហើយភិក្ខុទាំងនោះស្តាប់គោតមសូត្រនោះហើយបានសម្រេចអរហត្ត ។ កាលចប់មូលបរិយាយសូត្រ ព្រះសាស្តានៅគង់នៅក្នុងឧក្កដ្ឋធានីនោះឯង ភិក្ខុទាំងឡាយប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ពុទ្ធានុភាព គួរអស្ចារ្យហ្ន៎ ព្រះមានព្រះភាគទ្រង់ធ្វើឲ្យភិក្ខុទាំងនោះដែលជាព្រាហ្មណ៍ចេញ បួស ស្រវឹងដោយការតម្កើងខ្លួនយ៉ាងនេះអស់នូវការតម្កើងខ្លួន ដោយមូល បរិយាយទេសនា ។