អដ្ឋកថា កុណ្ឌកកុច្ឆិសិន្ធវជាតកទី ៤
[ ៣៦១-៣៦៣ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះសារីបុត្តត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ភុត្វាតិ ណបរិឃាសំ ដូច្នេះជាដើម ។ បានឮថា សម័យមួយព្រះសម្មាសម្ពុទ្ធគង់នៅក្នុងនគរសាវត្ថី ចេញវស្សា ហើយស្តេចចារិកហើយស្តេចយាងត្រឡប់មកទៀត ។ ជនទាំងឡាយគិតគ្នា ថានឹងធ្វើអាគន្តុកសក្ការៈ ដូច្នេះហើយទើបថ្វាយមហាទានដល់ភិក្ខុសង្ឃមាន ព្រះពុទ្ធជាប្រធាននាំគ្នាតាំងភិក្ខុដែលប្រកាសធម៌មួយរូបទុកក្នុងវិហារ ទាយក ណាៗ ដែលមកត្រូវការភិក្ខុប្រមាណប៉ុនណា ភិក្ខុនោះចាត់ភិក្ខុឲ្យដល់ទាយក តាមចំនួនដែលត្រូវការ ។ គ្រានោះមានស្ត្រីចាស់ក្រីក្រម្នាក់បានចាត់ចែង ចំណែកទានវត្ថុទុកមួយចំណែកនោះឯង កាលព្រះធម្មឃោសកភិក្ខុចាត់ភិក្ខុ ឲ្យដល់ជនទាំងនោះហើយក្នុងវេលាយឺតយូរជាងគេ នាងទើបទៅកាន់សម្នាក់ របស់ព្រះធម្មឃោសកៈ ហើយពោលថា សូមលោកម្ចាស់ចាត់ភិក្ខុឲ្យដល់ខ្ញុំ មួយរូបចុះ ។ ព្រះធម្មឃោសកៈពោលថា អាត្មាចាត់ភិក្ខុឲ្យទៅអស់ហើយ តែព្រះសារីបុត្តត្ថេរនៅក្នុងវិហារ ចូរនាងប្រគេនភិក្ខាហារដល់លោកចុះ ។ ស្ត្រី ជរានោះត្រេកអរពោលថា សាធុ ឈរត្រង់ខ្លោងទ្វារវត្តជេតពនក្នុងវេលាព្រះថេរៈ មក ទើបថ្វាយបង្គំហើយទទួលបាត្រអំពីដៃនាំទៅផ្ទះហើយនិមន្តឲ្យគង់ ក្នុងផ្ទះ ។ ពួកត្រកូលដែលមានសទ្ធាដ៏ច្រើនបានឮថា ស្ត្រីជរាម្នាក់និមន្តព្រះ ធម្មសេនាបតីឲ្យគង់ក្នុងផ្ទះរបស់ខ្លួន ។ បណ្តាជនទាំងនោះព្រះបាទបសេនទិកោសលទ្រង់បានស្តាប់ហេតុនោះ ទើបទ្រង់បញ្ជូនភត្តនិងភាជនៈមួយអន្លេដោយ សំពត់សាដកនិងថង់ទ្រព្យ ១០០០ ទៅឲ្យស្ត្រីជរានោះដោយព្រះតម្រាស់ថា ស្ត្រីជរាកាលនឹងអង្គាស លោកម្ចាស់របស់យើងចូរស្លៀកសំពត់សាដកនេះ