អដ្ឋកថា សុកជាតកទី ៥

ក្បាលទី 46 · ទំព័រ 586

[ ៣៦៤-៣៦៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូបដែលមរណភាពព្រោះឆាន់ច្រើនពេក រហូតដល់អាហារមិនរលាយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យាវ សោ មត្តមញ្ញាសិ ដូច្នេះជាដើម ។ បានឮថា កាលភិក្ខុនោះមរណភាពទៅយាងនេះហើយ ភិក្ខុទាំងឡាយ អង្គុយសន្ទនាគ្នាដល់ទោសដែលមិនមែនជាគុណរបស់ភិក្ខុរូបនោះ ក្នុងធម្មសភា ថា អាវុសោទាំងឡាយ ភិក្ខុឈ្មោះនោះមិនដឹងប្រមាណផ្ទៃរបស់ខ្លួន បរិភោគ ហួសប្រមាណមិនអាចធ្វើអាហារឲ្យរលាយទើបមរណភាព ។ ព្រះសាស្តា ទ្រង់យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះពួកអ្នក អង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាប ថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនភិក្ខុនេះក៏ស្លាប់ព្រោះ បរិភោគហួសប្រមាណជាបច្ច័យ ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វសេកក្នុងព្រៃហិមពាន្ត បានជាស្តេចរបស់ សេកច្រើនពាន់នៅក្នុងហិមវន្តប្បទេសដែលលាតសន្ធឹងទៅតាមសមុទ្ទ ។ ព្រះ ពោធិសត្វនោះមានកូនមួយ កាលកូននោះចម្រើនវ័យហើយព្រះពោធិសត្វក៏ មានចក្ខុទុព្វល ។ បានឮថា សេកទាំងឡាយមានសន្ទុះរហ័សដោយហេតុ នោះក្នុងវេលាដែលសេកទាំងនោះចាស់ចក្ខុនោះទើបទុព្វលមុន ។ កូនសេក នោះឲ្យមាតាបិតានៅក្នុងសម្បុកហើយនាំយកអាហារមកចិញ្ចឹម ។ ថ្ងៃមួយកូន សេកនោះបានទៅកាន់ទីរកស៊ីហើយទំលើកំពូលភ្នំសម្លឹងមើលសមុទ្ទ បានឃើញ កោះមួយ ។