ជរូទបានជាតកទី ៦

ក្បាលទី 46 · ទំព័រ 592

( ព្រះសាស្តាត្រាស់ថា ) ពួកឈ្មួញអ្នកត្រូវការដោយទឹក កាលជីកអណ្តូងចាស់ ក៏បាននូវដែកនឹងទង់ដែងផង នូវសំណរភក់ផង នូវ កែវមណីទាំងឡាយផង នូវប្រាក់នឹងមាសផង នូវកែវមុក្តានិងកែវពៃទូរ្យ ទាំងឡាយផងដ៏ច្រើន ។ តែពួកឈ្មួញទាំងនោះមិនសន្តោសដោយទ្រព្យនោះ រឹងរឹតតែ ជីកចុះទៅទៀត សត្វមានពិសដ៏ក្លៀវក្លា មានតេជះក៏សម្លាប់នូវពួកឈ្មួញ ទាំងនោះដោយតេជះ ( នៃពិស ) ក្នុងអណ្តូងទឹកនោះឯង ។ ព្រោះហេតុនោះបុគ្គលគប្បីជីក តែកុំជីកឲ្យជ្រៅហួសពេក ព្រោះការជីកអណ្តូងជ្រៅហួសពេកជាការលាមក ទ្រព្យ ( ដែលពួកឈ្មួញ ) បានហើយដោយការជីកក៏វិនាសអស់ព្រោះតែការជីកជ្រៅហួសពេក ។