អដ្ឋកថា គាមណិចន្ទជាតកទី ៧

ក្បាលទី 46 · ទំព័រ 597

[ ៣៧០-៣៧២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការសរសើរបញ្ញា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាយំ ឃរានំ កុសលោ ដូច្នេះជាដើម ។ បានឮថា ភិក្ខុទាំងឡាយអង្គុយសរសើរបញ្ញារបស់ព្រះទសពលក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះតថាគតទ្រង់មានព្រះបញ្ញាជាធំ មានព្រះ បញ្ញាដ៏ក្រាស់ មានព្រះបញ្ញានាំឲ្យរីករាយ មានព្រះបញ្ញាជាគ្រឿងស្ទុះទៅ មានព្រះបញ្ញាដ៏មុត មានព្រះបញ្ញាជាគ្រឿងទម្លុះទម្លាយឈានកន្លងលោកនេះ ព្រមទាំងទេវលោកដោយព្រះបញ្ញា ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះ នេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេសូម្បីក្នុងកាលមុនតថាគតក៏មានបញ្ញាដូចគ្នា ។ ហើយទ្រង់នាំយក រឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះរាជាព្រះនាមថា ជនសន្ធៈសោយរាជសម្បត្តិក្នុងនគរ ពារាណសី ។ ព្រះពោធិសត្វកើតក្នុងព្រះឧទរនៃព្រះអគ្គមហេសីរបស់ព្រះរាជានោ ះ ។ មុខរបស់ព្រះពោធិសត្វនោះស្រស់ស្អាត បរិសុទ្ធដូចកញ្ចក់មាសដល់ នូវលម្អដ៏ក្រៃលែង ។ ដោយហេតុនោះក្នុងថ្ងៃដាក់ឈ្មោះ ញាតិទាំងឡាយ ទើបដាក់ឈ្មោះរបស់ព្រះពោធិសត្វនោះថា អាទាសមុខកុមារ ។ ខាងក្នុង ៧ ឆ្នាំប៉ុណ្ណោះព្រះជនកឲ្យកុមារនោះសិក្សាគម្ពីរវេទទាំង ៣ និងវត្ថុទាំងពួង ដែលគប្បីធ្វើក្នុងលោក ហើយបានសោយទិវង្គតក្នុងពេលដែលព្រះរាជកុមារ នោះមានអាយុ ៧ ឆ្នាំ ។