ចុល្លបលោភនជាតកទី ៣

ក្បាលទី 46 · ទំព័រ 657

( ព្រះរាជបុត្តពោធិសត្វពោលថា ) លោកមក ( តាម អាកាស ) ដោយខ្លួនឯង លើទឹកមិនបែករលកដោយអំណាចនៃឫទ្ធិ លុះ ទៅច្រឡូកច្រឡំដោយស្រីក៏លិចចុះក្នុងសមុទ្ទធំ ។ ធម្មតាស្រីទាំងឡាយរមែងញ៉ាំងបុរសឲ្យវិលវល់ មាន មាយាច្រើន ញ៉ាំងព្រហ្មចរិយធម៌ឲ្យកម្រើករមែងលិចចុះ ( ក្នុងអបាយ ៤ ) បណ្ឌិតបុរសដឹងច្បាស់ហើយគប្បីចៀសវាងអំពីចម្ងាយ ។ ស្ត្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្តី ពេញចិត្តក្តី ដោយទ្រព្យក្តីតែងដុតបំផ្លាញបុរសនោះ ( ឲ្យវិនាស ) យ៉ាង ឆាប់ដូចភ្លើង ( ដែលឆេះ ) នូវលំនៅរបស់ខ្លួន ។