អដ្ឋកថា ចុល្លបលោភនជាតកទី ៣
[ ៣៨៨-៣៩០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុដែលអផ្សុកដូចគ្នាមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិជ្ជមានេ វារិស្មឹ ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះដែលត្រូវនាំមកកាន់ធម្មសភាថា ម្នាលភិក្ខុ បានឮថា អ្នកជាអ្នកអផ្សុកពិតហ្ន៎ កាលភិក្ខុនោះក្រាបទូលថា ពិតហើយព្រះអង្គទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថាស្រីទាំងនេះសូម្បី សត្វដែលបរិសុទ្ធ ដែលមានក្នុងកាលមុន ក៏ធ្វើឲ្យសៅហ្មងដូចគ្នា កាលភិក្ខុ ទាំងនោះទូលអារាធនាហើយ ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ជាអ្នកមិនមានព្រះឱរសទើបត្រាស់នឹងស្រីស្នំរបស់ព្រះអង្គថា នាងទាំងឡាយ ចូរធ្វើសេចក្តីប្រាថ្នាដើម្បីឲ្យបានបុត្ត ។ ទើបស្រីស្នំទាំងនោះនាំគ្នាប្រាថ្នាបុត្ត ។ កាលវេលាកន្លងទៅដោយអាការយាងនេះ ព្រះពោធិសត្វចុតិអំពីព្រហ្មលោក កើតក្នុងព្រះឧទររបស់អគ្គមហេសី ។ ព្រះពោធិសត្វនោះគ្រាន់តែប្រសូត ព្រះជនកព្រះជននីឲ្យស្រពស្រង់ហើយបានប្រទានដល់ស្រីស្នំដើម្បីឲ្យបៅ ដោះ ។ ព្រះពោធិសត្វនោះត្រូវស្រីស្នំទាំងឡាយឲ្យបៅទឹកដោះ ក៏ទ្រង់ស្រែក យំ ។ លំដាប់នោះព្រះជនកព្រះជននីក៏ប្រទានឲ្យព្រះពោធិសត្វនោះឲ្យដល់ស្រី ស្នំដទៃ ។ ក្នុងដៃរបស់មាតុគ្រាមព្រះពោធិសត្វទ្រង់មិននៅស្ងៀមឡើយ ។ លំដាប់នោះព្រះជនកព្រះជននីក៏ប្រទានព្រះពោធិសត្វនោះដល់បុរសម្នាក់ដែល ជាបាទមូលិកា ។ គ្រាន់តែបាទមូលិកានោះទទួលប៉ុណ្ណោះ ព្រះពោធិសត្វក៏ នៅស្ងៀម ។