អដ្ឋកថា វាតគ្គសិន្ធវជាតកទី ៦
[ ៣៩៧-៣៩៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ក្នុងនគរសាវត្ថី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា យេនាសិ កីសិយា បណ្ឌុ ដូច្នេះជាដើម ។ បានឮថា ស្ត្រីម្នាក់ក្នុងនគរសាវត្ថីឃើញកុដុម្ពិកៈរូបស្អាតម្នាក់ មានចិត្ត ប្រតិព័ទ្ធ ។ ភ្លើង គឺកិលេសកើតឡើងខាងក្នុងរបស់នាងដូចដុតរាងកាយទាំងមូល ។ នាងមិនបានទទួលសេចក្តីត្រេកអរផ្លូវកាយនិងផ្លូវចិត្តឡើយ ។ សូម្បីអាហារនាងក៏មិនពេញចិត្ត ដេកឱបមេគ្រែតែម្យ៉ាង ។ លំដាប់នោះ ស្ត្រីបម្រើនិងស្រ្តីជាសម្លាញ់ បានសួរនាងថា ព្រោះហេតុអ្វីទើបនាងមានចិត្ត រវើរវាយដេកឱបមេគ្រែ នាងមិនផាសុខអ្វីឬ នាងដែលស្រីជាសម្លាញ់មិន បានពោលម្តងឬពីរដង ពោលរឿយៗទើបបានប្រាប់សេចក្តីនោះដល់ស្រី សម្លាញ់ទាំងនោះ ។ លំដាប់នោះ ស្រីសម្លាញ់ទាំងនោះក៏លួងលោមនាងឲ្យ ធូរចិត្តហើយពោលថា នាងដ៏ចម្រើន នាងកុំទោមនស្សឡើយពួកយើងនឹង នាំកុដុម្ពិកៈមកឲ្យហើយទៅប្រឹក្សាជាមួយកុដុម្ពិកៈ ។ កុដុម្ពិកៈនោះបដិសេធ កាលពួកស្រីទាំងនោះនិយាយរឿយៗ ទើបព្រមទទួលពាក្យ ។ ស្រីទាំងនោះ ពោលថា ចូរអ្នកមកក្នុងថ្ងៃនោះក្នុងវេលានោះ ឲ្យកុដុម្ពិកៈទទួលពាក្យប្តេជ្ញា ហើយទើបទៅប្រាប់ឲ្យស្រីនោះជ្រាប ។ ស្រីនោះបានស្តាប់ដំណឹងទើបរៀបចំ បន្ទប់ដេករបស់ខ្លួន តែងខ្លួនហើយអង្គុយលើទីដេក កាលកុដុម្ពិកៈនោះមក អង្គុយក្នុងចំណែកម្ខាងនៃទីដេក ទើបគិតថា បើអញមិនធ្វើឲ្យមាំទាំចំពោះ បុរសនេះ ឲ្យឱកាសក្នុងកាលឥឡូវនេះ ភាពជាធំរបស់អញក៏នឹងវិនាសទៅ ឈ្មោះថា ការឲ្យឱកាសក្នុងថ្ងៃដែលគេមកដល់នោះឯងមិនមែនជាហេតុដែល គួរឡើយ ថ្ងៃនេះ អញធ្វើឲ្យបុរសនេះខ្មាស ក្នុងថ្ងៃដទៃសឹមឲ្យឱកាស ។