សុវណ្ណកក្កដជាតកទី ៧

ក្បាលទី 46 · ទំព័រ 684

( ដំរីពោធិសត្វពោលថា ) ម្រឹគមានសម្បុរដូចមាស ( ក្តាម ) ជាសត្វមានភ្នែកលៀនវែង មានឆ្អឹងជាស្បែក ជាសត្វនៅក្នុងទឹក មិនមាន រោម យើងត្រូវក្តាមនោះថ្កៀបហើយទើបកំសត់ទួញយំ សូមភរិយាកុំលះបង់ នូវខ្ញុំដែលស្មើដោយជីវិតឡើយ ។ ( មេដំរីពោលថា ) បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនលះបង់ អ្នកដែលជាដំរីថមថយកម្លាំង ក្នុងកាលនៃខ្លួនមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំ ស្រឡាញ់អ្នកក្រៃលែងជាងប្រឹថពីដែលទល់នឹងសមុទ្ទទាំង ៤ ទៅទៀត ។ ( មេដំរីពោលថា ) ពួកក្តាមណាដែលនៅក្នុងសមុទ្ទក្តី ក្នុងទន្លេគង្គាក្តី យមុនាក្តី អ្នកជាសត្វទឹកប្រសើរជាងក្តាមទាំងនោះ សូម អ្នកមេត្តាលែងប្តី កាលដែលខ្ញុំកំពុងទួញយំរកប្តី សូមអ្នកមេត្តាលែងប្តី ( របស់ខ្ញុំ ) មកវិញក្នុងកាលឥឡូវនេះ ។