ព្យគ្ឃជាតកទី ២
ក្បាលទី 46 · ទំព័រ 717
( រុក្ខទេវតាពោធិសត្វពោលថា ) សេចក្តីក្សេមចាកយោគៈ គឺសេចក្តីសុខកាយ សុខចិត្តរមែងសាបសូន្យទៅព្រោះច្រឡូកច្រឡំដោយបាប មិត្តណា បណ្ឌិតគប្បីញាំញីនូវបាបមិត្តនោះជាមុនហើយគប្បីរក្សា ( ខ្លួន ) ដូចបុគ្គលកាលរក្សានូវភ្នែកដូច្នោះ ។ សេចក្តីក្សេមចាកយោគៈ រមែងចម្រើនឡើងព្រោះច្រឡូក ច្រឡំដោយកល្យាណមិត្តណា បណ្ឌិតគប្បីធ្វើនូវការប្រព្រឹត្តក្នុងកិច្ចទាំងពួង ឲ្យស្មើនឹងខ្លួន ។ ( ទេវតាពាលពោលថា ) នែខ្លានិងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់ទៅកាន់ព្រៃធំវិញចុះ កុំឲ្យមហាជនកាប់ព្រៃរបស់យើង ព្រោះតែព្រៃមិនមានខ្លា កុំឲ្យខ្លានិងសីហៈជាសត្វមិនមានព្រៃឡើយ ។