អដ្ឋកថា ព្យគ្ឃជាតកទី ២
[ ៤១៥-៤១៧ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កោកាលិកភិក្ខុ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យេន មិត្តេន សំសគ្គា ដូច្នេះជាដើម ។ រឿងព្រះកោកាលិកៈនិងមានច្បាស់ក្នុង តក្ការិយជាតក តេរសកនិបាត ។ ព្រះកោកាលិកៈគិតថានឹងទៅនាំព្រះសារីបុត្តនិងព្រះមោគ្គល្លានមក ដូច្នេះ ហើយទើបចេញអំពីកាសិករដ្ឋទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្តាហើយ ចូលទៅរកព្រះថេរៈទាំង ២ ពោលថា នែអាវុសោ មនុស្សអ្នកដែនហៅរក លោកទាំងឡាយ មកចុះយើងទាំងឡាយនឹងទៅជាមួយគ្នា ។ ព្រះថេរៈទាំង ២ ពោលថា ទៅចុះលោកម្ចាស់ ពួកយើងមិនទៅទេ ។ ព្រះកោកាលិកៈ នោះដែលព្រះថេរៈទាំង ២ បដិសេធហើយ ទើបត្រឡប់ទៅតែម្នាក់ឯង ។ លំដាប់នោះភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះកោកាលិកៈមិនអាចប្រព្រឹត្តទៅរួម ឬវៀរចាកព្រះសារីបុត្តនិងព្រះមោគ្គល្លាន សូម្បីនៅរួមក៏មិនបាន សូម្បីព្រាត់ប្រាសក៏មិនបាន ។ ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយ សន្ទនាគ្នាដោយរឿងឈ្មោះអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែ ក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន កោកាលិកភិក្ខុនេះមិនអាច នៅរួមឬវៀរចាកសារីបុត្តនិងមោគ្គល្លានបានឡើយ ។ ហើយទ្រង់នាំយករឿង ក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជារុក្ខទេវតា នៅក្នុងដងព្រៃមួយកន្លែង ។ ក្នុងទីមិនឆ្ងាយ អំពីវិហាររបស់ព្រះពោធិសត្វនោះ មានរុក្ខទេវតាមួយអង្គនៅត្រង់ដើមឈើជា ធំប