លោលជាតកទី ៤
ក្បាលទី 46 · ទំព័រ 728
( ព្រាបពោធិសត្វពោលថា ) កុកនេះដូចម្តេច មានសិរ ជាសត្វល្មួច មានពពកជាជីតា នែកុកអ្នកចូរមកអាយ ( ព្រោះ ) ក្អែកជា សម្លាញ់យើងជាសត្វកាច ។ ( ក្អែកពោលថា ) ខ្ញុំមិនមែនជាកុកមានសិរទេ ខ្ញុំជាក្អែក រលោរលាំ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលត្រូវគេដកស្លាបព្រោះតែមិនធ្វើ តាមពាក្យរបស់អ្នក ។ ( ពោធិសត្វពោលថា ) ម្នាលសម្លាញ់ អ្នកនឹងប្រទះ ( បែបនេះ ) ម្តងទៀតពុំខានព្រោះថាសីល ( មារយាទ ) របស់អ្នកប្រាកដ ដូច្នោះ គ្រឿងបរិភោគទាំងឡាយជារបស់នៃមនុស្សមិនមែនសត្វស្លាបបរិភោគ បានដោយងាយឡើយ ។