កុរុធម្មជាតកទី ៦

ក្បាលទី 46 · ទំព័រ 737

( ពួកព្រាហ្មណ៍ក្រាបទូលថា ) បពិត្រព្រះជនាធិបតី យើង ទាំងឡាយដឹងច្បាស់នូវសទ្ធានិងសីលរបស់ព្រះអង្គ ហើយនឹងទទួលយកនូវ ដំរីមានសម្បុរប្រាកដស្មើដោយផ្កាអញ្ជ័នទៅក្នុងសំណាក់នៃព្រះបាទកាលិង្គៈ ។ ( ព្រះរាជាពោធិសត្វពោលថា ) ពួកសត្វដែលយើងចិញ្ចឹម ដោយបាយក្តី មិនចិញ្ចឹមក្តី សត្វណាក្នុងជីវលោកនេះដើរមកសំដៅ យើង ពួកសត្វទាំងអស់នោះ យើងមិនបានឃាត់ឡើយ នេះជាពាក្យរបស់បុព្វាចារ្យ ( មាតាបិតារបស់យើង ) ។ ម្នាលព្រាហ្មណ៍ទាំងឡាយ យើងឲ្យដំរីដ៏ប្រសើរនេះដែល សមគួរដល់ព្រះរាជា ជាជំនិះរបស់ព្រះរាជា មានយសប្រដាប់តាក់តែងហើយ បំពាក់ហើយដោយបណ្តាញមាសដល់អ្នកទាំងឡាយ អ្នកទាំងឡាយព្រមទាំង សារថី ( ចូរនាំ ) ទៅតាមប្រាថ្នាចុះ ។