មហិសជាតកទី ៨
ក្បាលទី 46 · ទំព័រ 770
( រុក្ខទេវតាពោលថា ) អ្នកអាស្រ័យហេតុដូចម្តេច ទើប អត់ទ្រាំនូវសេចក្តីលំបាកនេះនឹងស្វាមានចិត្តរហ័ស ជាសត្វប្រទូស្តមិត្ត ( ដូចជា បុគ្គលអត់ទ្រាំនឹងសេចក្តីលំបាក ) និងម្ចាស់ដែលជាអ្នកឲ្យសេចក្តីប្រាថ្នា ទាំងពួង ។ អ្នកចូរវ័ធស្វានេះដោយស្នែង ចូរជាន់កម្ទេចដោយជើងចុះ ប្រសិនបើមិនមានអ្នកកម្ចាត់បង់ទេ ពួកពាលនឹងគប្បីរឹងរឹតបៀតបៀនឡើង ។ ( ពោធិសត្វពោលថា ) ស្វានេះកាលមើលងាយខ្ញុំបានគង់ នឹងធ្វើ ( អនាចារៈ ) យ៉ាងនេះនឹងក្របីដទៃទៀត ក្របីទាំងនោះនឹងសម្លាប់ វាក្នុងទីនោះ ការរួច ( ចាកសេចក្តីលំបាក ) នោះនឹងមានដល់ខ្ញុំ ។