សាលុកជាតកទី ៦

ក្បាលទី 46 · ទំព័រ 840

( គោឈ្មោះមហាលោហិតពោធិសត្វពោលថា ) អ្នកកុំ ប្រាថ្នា ( នូវអាហារ ) របស់ជ្រូកឈ្មោះសាលុកឡើយ ( ដ្បិតជ្រូកនេះ ) បរិភោគបាយជាគ្រឿងក្តៅក្រហាយ អ្នកចូរមានសេចក្តីខ្វល់ខ្វាយតិច ហើយ បរិភោគនូវអង្កាមចុះ ការបរិភោគនូវអង្កាមនេះឯងហើយ ជាលក្ខណៈនៃហេតុ ឲ្យអាយុវែង ។ បុរសអ្នករេបោការនោះជាសេវកៈ ( ប្រកបដោយបរិសទ្យ ) ជាភ្ញៀវមកប្រជុំក្នុងទីនេះ ក្នុងកាលឥឡូវនេះអ្នកនឹងឃើញជ្រូកឈ្មោះសាលុក ដេកស្ងៀមត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែមិនខាន ។ ( ព្រះសាស្តាត្រាស់ថា ) គោចាស់ ( ទាំង ២ ) ឃើញ ជ្រូកដេកស្ងៀមត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែដែលគេកាច់ ហើយក៏គិតថា អង្កាមជាអាហារដ៏ប្រសើររបស់យើង ។