លាភគរហិកជាតកទី ៧
ក្បាលទី 46 · ទំព័រ 845
( អាចារ្យទិសាបាមោក្ខពោធិសត្វពោលថា ) បុគ្គលមិនឆ្កួត រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិននិយាយញុះញង់ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិនមែនអ្នករបាំ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមានសំដីក្រអឹមក្រអៀម រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ នេះជាពាក្យប្រៀនប្រដៅ របស់អ្នក ។ ( កូនសិស្សពោលថា ) បពិត្រព្រាហ្មណ៍ ខ្ញុំសូមតិះដៀល នូវការបានយសនិងការបានទ្រព្យព្រោះតែប្រព្រឹត្តចិញ្ចឹមជីវិត ដោយធ្វើខ្លួនឲ្យ លិចលង់ ( ដោយកិច្ចមានកិរិយាសម្លាប់គេជាដើម ) ឬដោយការប្រព្រឹត្តនូវ ទុច្ចរិត ។ បុគ្គលសូវធ្វើជាអ្នកបួសកាន់បាត្រ ( ដើរសូមគេ ) ( ព្រោះថា ) ការប្រព្រឹត្តចិញ្ចឹមជីវិតនេះឯងប្រសើរបំផុតជាងកិរិយាស្វែងរកចិញ្ចឹមជីវិត ដោយអធម៌ ។