អដ្ឋកថា ភទ្រឃដភេទកជាតកទី ១

ក្បាលទី 46 · ទំព័រ 869

( ព្រះសាស្តាត្រាស់ថា ) អ្នកលេងបាននូវឆ្នាំងកំណប់ដែល ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ហើយរក្សាឆ្នាំងនោះដរាបណា អ្នកលេងនោះ ក៏ដល់នូវសេចក្តីសុខដរាបនោះ ។ ក្នុងកាលណាអ្នកលេងស្រវឹងផង គឃ្លើនផងបានបំបែក ឆ្នាំងព្រោះសេចក្តីប្រមាទ ក្នុងកាលនោះ បុគ្គលពាលទៅជាអ្នកអាក្រាតផង ជាអ្នកស្លៀកកំណាត់សំពត់កន្ទបផង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយ ។ បុគ្គលឥតប្រាជ្ញា បាននូវទ្រព្យយ៉ាងនេះហើយ ជាអ្នកមាន សេចក្តីប្រមាទប្រើប្រាស់ រមែងក្តៅក្រហាយក្នុងកាលខាងក្រោយ ដូចជាអ្នកលេង ( ដែលក្តៅក្រហាយស្តាយក្រោយ ) ព្រោះតែបំបែកឆ្នាំងចោល ។ [ ៤៧២-៤៧៤ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធក្មួយរបស់អនាថបិណ្ឌិកសេដ្ឋី ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សព្វកាមទទំ កុម្ភំ ដូច្នេះជាដើម ។ បានឮថា ក្មួយរបស់អនាថបិណ្ឌិកសេដ្ឋីនោះបំផ្លាញប្រាក់ ៤០ កោដិ ដែលជារបស់មាតាបិតាឲ្យវិនាសទៅ ដោយការផឹកស្រា ហើយទើបបានទៅកាន់ សម្នាក់របស់សេដ្ឋី សេដ្ឋីក៏បានឲ្យទ្រព្យដល់បុរសនោះ ១០០០ ដោយ ប្រាប់ថា ចូរធ្វើការជួញដូរ ។ បុរសនោះក៏ធ្វើទ្រព្យទាំង ១០០០ ឲ្យវិនាស ហើយក៏មកទៀត ។ សេដ្ឋីក៏ឲ្យទ្រព្យ ៥០០ បុរសនោះធ្វើទ្រព្យ ៥០០ ឲ្យ វិនាសហើយត្រឡប់មកសូមទៀត ។ សេដ្ឋីក៏ឲ្យសំពត់សាដកសាច់គ្រោត គ្រាត ២ ផ្ទាំង បុរសនោះក៏ធ្វើសំពត់សាដកទាំង ២ ផ្ទាំងនោះឲ្យវិនាស ហើយមករកទៀត ។ សេដ្ឋីឲ្យអ្នកបម្រើចាប់ត្រង់កអូសចេញទៅ ។ បុរស នោះក្លាយជាមនុស្សអនាថាអាស្រ័យជញ្ជាំងផ្ទះរបស់អ្នកដទៃ ស្លាប់ទៅ ជន ទាំងឡាយក៏អូសបុរសនោះទៅចោលខាងក្រៅស្រុក អនាថបិណ្ឌិកសេដ្ឋីទៅកាន់ វិហារ ក្រាបទូលការប្រព្រឹត្តរបស់ក្មួយប្រុសនោះទា