សុបត្តជាតកទី ២

ក្បាលទី 46 · ទំព័រ 874

( ក្អែកពោលថា ) បពិត្រមហារាជ ស្តេចក្អែកឈ្មោះ សុបត្តៈនៅអាស្រ័យក្បែរក្រុងពារាណសីមានក្អែក ៨ ម៉ឺនជាបរិវារ ។ នាងសុបស្សាជាភរិយារបស់ស្តេចក្អែកនោះមានសេចក្តីចាញ់ ផ្ទៃចង់បរិភោគនូវក្រយាស្ងោយមានថ្លៃច្រើន ដែលនាយពិសេសចំអិនដើម្បី ថ្វាយព្រះរាជា ក្នុងរោងសម្រាប់ចំអិនក្រយាស្ងោយ ។ ឯខ្ញុំព្រះអង្គជារាជទូតរបស់ស្តេចក្អែកទាំងនោះ ត្រូវស្តេច បញ្ជូនមក បានជាមកក្នុងទីនេះ ខ្ញុំព្រះអង្គធ្វើនូវសេចក្តីគោរពចំពោះម្ចាស់ហើយ បានធ្វើឲ្យមានរបួសត្រង់ច្រមុះ ( របស់នាយពិសេស ) ។