អដ្ឋកថា សុបត្តជាតកទី ២
[ ៤៧៥-៤៧៧ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធភត្តបាយស្រូវសាលីដែលលាយដោយសប្បិក្នុងរសត្រីឆ្ពិនក្រហមដែល ព្រះសារីបុត្តត្ថេរប្រគេនដល់ព្រះនាងពិម្ពាទេវី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពារាណស្យំ មហារាជ ដូច្នេះជាដើម ។ រឿងនេះដូចគ្នា នឹងរឿងក្នុងអព្ភន្តរជាតកដែលពោលទុកហើយខាងដើមនោះឯង ។ ក្នុងកាលនោះរោគខ្យល់ក្នុងផ្ទៃរបស់ព្រះថេរីកើតឡើង ។ ព្រះរាហុលភទ្ទ ក៏ប្រាប់ដល់ព្រះថេរៈ ព្រះថេរៈឲ្យព្រះរាហុលភទ្ទអង្គុយក្នុងរោងឆាន់ហើយទៅកាន់ រាជនិវេសន៍របស់ព្រះបាទកោសលនាំយកភត្តនៃបាយ ស្រូវសាលីលាយ ដោយសប្បិក្នុងរសត្រីឆ្ពិនក្រហម ហើយបានឲ្យដល់ព្រះរាហុលភទ្ទនោះ ។ ព្រះរាហុលភទ្ទបាននាំទៅប្រគេនព្រះថេរីដែលជាមាតា គ្រាន់តែព្រះថេរីឆាន់ ប៉ុណ្ណោះរោគខ្យល់ក្នុងផ្ទៃក៏ស្ងប់រម្ងាប់ ។ ព្រះរាជាទ្រង់បញ្ជូនពួករាជបុរសឲ្យ ទៅស្ញើបមើល តាំងអំពីនោះមកបានថ្វាយភត្តបែបនោះដល់ព្រះថេរី ( រហូត មក ) ។ ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោ ទាំងឡាយ ព្រះធម្មសេនាបតីញ៉ាំងព្រះថេរីឲ្យឆ្អែតស្កប់ស្កល់ដោយភោជន បែបនេះ ។ ព្រះសាស្តាទ្រង់យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងឈ្មោះអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តឲ្យវត្ថុដែលរាហុលមាតាប្រាថ្នាតែក្នុងកាលឥឡូវនេះប៉ុណ្ណោះក៏ទេសូម្បី ក្នុងកាលមុនក៏បានឲ្យហើយដូចគ្នាហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្ន