ជម្ពូខាទកជាតកទី ៤

ក្បាលទី 46 · ទំព័រ 887

( ចចកពោលថា ) អ្នកណានេះមានសំឡេងក្រលួច ពីរោះ ឧត្តមជាងពួកសត្វដែលមានសំឡេង ទំលើមែកព្រីងហើយយំពីរោះដូចជា សំឡេងនៃកូនក្ងោក ។ ( ក្អែកពោលថា ) កុលបុត្តចេះសរសើរកុលបុត្ត ( ដូចគ្នា ) ម្នាលសម្លាញ់ មានសម្បុរដូចជាសម្បុរនៃកូនខ្លា ខ្ញុំសូមជូន ( ផ្លែព្រីង ) ដល់អ្នក ចូរអ្នកពិសាចុះ ។ ( រុក្ខទេវតាពោលថា ) យូរណាស់ហើយយើងទើបតែ ឃើញនូវក្អែកជាសត្វស៊ីនូវកម្ហួតផង នូវចចកជាសត្វស៊ីនូវសាកសពផង ជា សត្វពោលពាក្យកុហក មកជួបគ្នាហើយសរសើរគ្នាទៅវិញទៅមក ។