អដ្ឋកថា ជម្ពូខាទកជាតកទី ៤

ក្បាលទី 46 · ទំព័រ 887

[ ៤៨១-៤៨៣ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ ប្រារព្ធទេវទត្តភិក្ខុនិងកោកាលិកភិក្ខុ ទើបទ្រង់ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា កោយំ ពិន្ទុស្សរោ វគ្គុ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះទេវទត្តភិក្ខុសាបសូន្យលាភសក្ការៈ កោកាលិកភិក្ខុក៏ចូលទៅកាន់ត្រកូលទាំងឡាយ ពោលគុណរបស់ទេវទត្តថា ព្រះថេរៈ ឈ្មោះថាទេវទត្ត កើតក្នុងវង្សព្រះបាទឱក្កាករាជដោយបន្តវង្សមកអំពីព្រះបាទ មហាសម្មតរាជ ចម្រើនក្នុងខត្តិយវង្សដែលមិនលាយឡំ ( ដោយជាតិវង្ស ដទៃ ) ជាអ្នកទ្រទ្រង់ព្រះត្រៃបិដកបានឈាន មានសំដីពីរោះ ជាធម្មកថិក អ្នកទាំងឡាយចូរឲ្យ ចូរធ្វើ ( សក្ការៈជាដើម ) ដល់ព្រះថេរៈចុះ ។ ចំណែក ទេវទត្តភិក្ខុក៏ពោលគុណរបស់កោកាលិកភិក្ខុថា កោកាលិកភិក្ខុចេញបួសអំពី ត្រកូលព្រាហ្មណ៍ដែលមានកេរ្តឈ្មោះ ជាពហុស្សូត ជាធម្មកថិក អ្នកទាំងឡាយ ចូរឲ្យ ចូរធ្វើ ( សក្ការៈជាដើម ) ដល់កោកាលិកភិក្ខុចុះ ។ ទេវទត្ត និងកោកាលិកៈនោះពោលគុណដល់គ្នានឹងគ្នា ត្រាច់ឆាន់ក្នុងផ្ទះនៃត្រកូលទាំងឡាយ ដោយប្រការដូច្នេះ ។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នា ក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តនិងកោកាលិកភិក្ខុពោលពាក្យ ពណ៌នាគុណដែលមិនមានពិតដល់គ្នានឹងគ្នាហើយត្រាច់ឆាន់អាហារ ។ ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងឈ្មោះអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេដែលទេវទត្តនិងកោកាលិក នោះពណ៌នាគុណដែលមិនពិត ( ដល់គ្នានឹងគ្នា ) ហើយបរិភោគភត្តា