អដ្ឋកថា អន្តជាតកទី ៥
[ ៤៨៤-៤៨៦ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធជនទាំងពីរ គឺទេវទត្តនិងកោកាលិកៈនោះឯង ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧសភស្សេវ តេ ខន្ធោ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្នដូចគ្នានឹងរឿងមុននោះឯង ឯរឿងក្នុងអតីតមានដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជារុក្ខទេវតាត្រង់ដើមល្ហុងខ្ញែរក្នុងបរិវេណស្រុកមួយកន្លែង ។ ក្នុងកាលនោះ អ្នកស្រុកអូសគោចាស់ដែលស្លាប់ក្នុងស្រុកនោះ ទៅចោលត្រង់ ព្រៃល្ហុងខ្ញែរក្បែរទ្វារស្រុក មានចចកមួយមកស៊ីសាច់គោស្លាប់នោះ ។ មាន ក្អែកមួយហើរមកទំត្រង់ដើមល្ហុងខ្ញែរឃើញដូច្នោះទើបគិតថា ណ្ហើយចុះ អញ គប្បីពោលគុណដែលមិនពិតរបស់ចចកនេះនឹងបានស៊ីសាច់ ដូច្នេះហើយទើប ពោលគាថាទី ១ ថា ករបស់អ្នកដូចជាកនៃគោឧសភ ការមិតពត់របស់អ្នកដូចជា ការមិតពត់នៃសត្វសីហៈ បពិត្រមិគរាជ ខ្ញុំសូមថ្វាយបង្គំអ្នកធ្វើ ម្តេចយើងនឹងបាននូវសាច់តិចតួច ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា នមោ ត្យត្ថុ កាត់បទជា នមោ តេ អត្ថុ ប្រែថា សូមថ្វាយបង្គំដល់លោក ចចកបានស្តាប់ដូច្នោះទើបពោលគាថាទី ២ ថា កុលបុត្តចេះសរសើរនូវកុលបុត្តដូចគ្នា ម្នាលក្អែកមានផ្នួតក ដូចជាក្ងោក អ្នកចូរចុះអំពីដើមល្ហុងនេះមក ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឥតោ បរិយាហិ នេះ ចចកពោលថា សូមអ្នកចុះអំពីដើមល្ហុងខ្ញែរ គឺមកអំពីដើមល្ហុងខ្ញែរនេះរហូតដល់ខ្ញុំ ហើយ បរិភោគសាច់ ។