អដ្ឋកថា សមុទ្ទជាតកទី ៦

ក្បាលទី 46 · ទំព័រ 894

[ ៤៨៧-៤៨៩ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធព្រះឧបនន្ទត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ ន្វាយំ ដូច្នេះជាដើម ។ បានឮថា ព្រះឧបនន្ទនោះបរិភោគច្រើន មានសេចក្តីល្មោភច្រើន បុគ្គល ណាមួយមិនអាចឲ្យព្រះឧបនន្ទនោះឆ្អែតដោយបច្ច័យដែលពេញដោយរទេះ ។ ក្នុងថ្ងៃជិតចូលវស្សាព្រះឧបនន្ទនោះចូលវស្សាក្នុងវិហារ ២-៣ កន្លែងដាក់ ស្បែកជើងទុកក្នុងវិហារមួយ ដាក់កុណ្ឌីទឹកទុកក្នុងវិហារមួយ ដាក់ឈើច្រត់ ទុកក្នុងវិហារមួយ ខ្លួនឯងនៅក្នុងវិហារមួយ ។ ថ្ងៃមួយទៅកាន់វិហារក្នុង ជនបទឃើញភិក្ខុទាំងឡាយមានបរិក្ខារប្រណីត ពណ៌នាដល់ភាពជាវង្សរបស់ព្រះអរិយៈ ឲ្យភិក្ខុទាំងនោះកាន់យកសំពត់ បង្សុកូល ហើយកាន់យកចីវររបស់ភិក្ខុទាំងនោះ ឲ្យភិក្ខុទាំងនោះកាន់យកបាត្រ ដី ខ្លួនឯងកាន់យកបាត្រដែលគាប់ចិត្តនិងភាជនៈមានថាសជាដើម ដាក់ពេញ យានតូចហើយមកកាន់វត្តជេតពន ។ ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នា ក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះឧបនន្ទសក្យបុត្តបរិភោគច្រើន ប្រាថ្នាច្រើន សម្តែងបដិបទាដល់ភិក្ខុពួកដទៃ ហើយកាន់យកសមណបរិក្ខារ ផ្ទុកពេញរទេះតូច ( នាំ ) មក ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបនន្ទពោលអរិយវង្សកថាដល់អ្នកដទៃ ហើយធ្វើកម្មមិនសមគួរព្រោះគួរតែខ្លួនជាអ្នកប្រាថ្នាតិចសិនហើយសឹមពោល អរិយវង្សកថាដល់អ្នកដទៃក្នុងកាលឯក្រោយ ហើយទ្រង់សម្តែងគាថាក្នុងធម្មបទ ដូច្នេះថា អត្តានមេវ បឋមំ បតិរូបេ និវេសយ