អដ្ឋកថា ឧទុម្ពរជាតកទី ៨

ក្បាលទី 46 · ទំព័រ 903

[ ៤៩៣-៤៩៥ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧទុម្ពរា ចិមេ បក្កា ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះសាងវិហារក្នុងបច្ចន្តគាមមួយកន្លែង ។ វិហារនោះ គួរជាទីត្រេកអរតាំងនៅលើផ្ទាំងថ្ម ។ ស្ថានទីបោសសម្ហាតដូចបារាំ មាន ទឹកប្រើប្រាស់សុខស្រួល ។ គោចរគ្រាមក៏មិនឆ្ងាយ ។ មនុស្សទាំងឡាយ ស្រឡាញ់រាប់អាននាំគ្នាប្រគេនភិក្ខា ។ ក្នុងកាលនោះ ភិក្ខុមួយអង្គចារិកទៅដល់ វិហារនោះ ។ ភិក្ខុម្ចាស់កន្លែងធ្វើអាគន្តុកវត្តដល់ភិក្ខុនោះ ស្អែកឡើង បាននាំភិក្ខុនោះចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ។ មនុស្សទាំងឡាយប្រគេន ភិក្ខាដ៏ប្រណីតដល់ភិក្ខុទាំងនោះ ហើយនិមន្តឲ្យឆាន់ក្នុងថ្ងៃស្អែក ។ អាគន្តុកភិក្ខុ ឆាន់បានពីរបីថ្ងៃទើបគិតថា អញនឹងបោកបញ្ឆោតភិក្ខុម្ចាស់អាវាសនេះ ដោយឧបាយណាមួយអូសទាញចេញទៅហើយដណ្តើមវិហារនេះ ។ លំដាប់ នោះអាគន្តុកភិក្ខុបានសួរអាវាសភិក្ខុដែលមកកាន់ទីបម្រើព្រះថេរៈថា អាវុសោ លោកមិនបម្រើព្រះពុទ្ធទេឬ អាវាសិកភិក្ខុពោលថា ឈ្មោះថា អ្នកបដិបត្តិ មើលថែវិហារនេះមិនមាន ដោយហេតុនោះទើបខ្ញុំមិនធ្លាប់ទៅ ( ឧបដ្ឋាក ព្រះសម្ពុទ្ធ ) អាគន្តុកភិក្ខុពោលថា ខ្ញុំនឹងមើលវិហារនេះទម្រាំលោកទៅគាល់ ព្រះសម្ពុទ្ធហើយត្រឡប់មក ។ ភិក្ខុម្ចាស់អាវាសពោលថា សាធុលោកម្ចាស់ ហើយពោលនឹងមនុស្សទាំងឡាយថា អ្នកទាំងឡាយ កុំប្រមាទក្នុងព្រះថេរៈ ទម្រាំអាត្មាត្រឡប់មក ហើយចៀសចេញទៅ ។ ចាប់តាំងអំពីនោះមក អាគន្តុកភិក្ខុក៏ពោលថា ភិក្ខុម្ចាស់អាវាសមានទោសនេះមួយ មានទោសនេះ មួយ ហើយញុះញង់មនុស្សទាំងឡាយនោះឲ្យប្រេះឆា ( ជាមួយអាវាសិកភិក្ខុ ) ។