កោមារិយបុត្តជាតកទី ៩
ក្បាលទី 46 · ទំព័រ 908
( ពួកតាបសពោលថា ) ម្នាលស្វា កាលពីដើមអ្នកឯង លោតលេងជិតអាស្រមក្នុងសំណាក់នៃយើងអ្នកមានសីល អ្នកចូរធ្វើ ( នូវ អាការទាំងឡាយមានញាក់មុខជាដើម ) ដែលជាល្បែងរបស់ស្វា យើងមិន ត្រេកអរនឹងសីលវត្តនោះទេ ។ ( ស្វាពោលថា ) សេចក្តីបរិសុទ្ធដ៏ក្រៃលែងរបស់តាបស ឈ្មោះកោមារិយបុត្តជាពហូសូត ខ្ញុំបានឮហើយ ឥឡូវនេះលោកកុំសម្គាល់ ខ្ញុំដូចមុនឡើយ នែអាវុសោ ( ឥឡូវនេះ ) ពួកយើងជាអ្នកប្រកបក្នុង ឈាន ។ ( តាបសពោលថា ) ប្រសិនបើបុគ្គលគប្បីព្រោះនូវពូជលើ ថ្មទោះភ្លៀងបង្អុរចុះក៏ដោយ ឯពូជនោះមិនគប្បីលូតលាស់បានឡើយ សេចក្តី បរិសុទ្ធដ៏ក្រៃលែងនោះអ្នកបានឮហើយ នែស្វា អ្នកឆ្ងាយអំពីឈានភូមិ ណាស់ ។