ពកជាតកទី ១០
( ព្រះសុគតទ្រង់ត្រាស់ថា ) កុកកាលរស់នៅមានសាច់និង ឈាមជាភោជនព្រោះសម្លាប់តែសត្វដទៃ ( ហើយអួតថា ) សមាទាននូវ វត្តរក្សាឧបោសថ ។ សក្កទេវរាជបានដឹងច្បាស់នូវវត្តរបស់កុកនោះ ហើយចូលមក ដោយ ( ក្លែងខ្លួន ) ជារូបពពែ កុកមានតបៈទៅប្រាសហើយ ជាសត្វ ផឹកនូវឈាម ( នៃសត្វដទៃ ) បានស្ទុះចូលទៅ ( ដើម្បីចឹកពពែស៊ី ) ហើយក៏ទម្លាយបង់នូវតបៈដែលខ្លួនសមាទានហើយ ។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានកម្លាំងថយក្នុងការសមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័សដូចជាកុក ( ដែលទម្លាយនូវតបៈរបស់ ខ្លួន ) ព្រោះហេតុតែពពែក៏យ៉ាងនោះឯង ។ ឧទ្ទាននៃកុម្ភវគ្គនោះគឺ និយាយអំពីឆ្នាំងដ៏ប្រសើរ ១ ស្តេចក្អែកឈ្មោះសុបត្តៈ ១ រូបកាយដែលសន្មត់ថាស្អាត ១ ក្អែកមានសំឡេងក្រឡៅ ១ ចចកមានកដូចឧសភៈ ១ សមុទ្ទជាម្ចាស់នៃទន្លេ ១ ប្រពន្ធ ឆ្នាស ១ ស្វាចាស់ ១ ល្បែងរបស់ស្វា ១ កុក ១ ត្រូវជា ១០ ។ ឧទ្ទាននៃវគ្គគឺ និយាយអំពីសង្កប្បវគ្គ ១ បទុមវគ្គ ១ ឧទបានវគ្គជាគម្រប់ បី ១ អព្ភន្តរវគ្គ ១ កុម្ភវគ្គ ១ ( ទាំងអស់នេះ ) រួម បញ្ចូលក្នុងតិកនិបាត ។