អដ្ឋកថា រាជោវាទជាតកទី ៤
[ ៦៣៤-៦៣៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ រាជោវាទៈ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា គវព្ចោ តរមានានំ ដូច្នេះ ជាដើម ។ រឿងបច្ចុប្បន្នមានច្បាស់ក្នុងតេសកុណជាតក ចំណែកក្នុងជាតកនេះ ព្រះសាស្តា ត្រាស់ថា មហាបពិត្រ ព្រះរាជាក្នុងកាលមុន ទ្រង់ស្តាប់ពាក្យរបស់ បណ្ឌិតទាំងឡាយហើយ ទ្រង់គ្រងរាជសម្បត្តិដោយធម៌ បំពេញផ្លូវទៅកាន់ ឋានសួគ៌ឲ្យបរិបូណ៌ហើយ កាលព្រះរាជាទ្រង់អារាធនាហើយ ទើបទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ លុះចម្រើនវ័យហើយ រៀនសិប្បៈ ទាំងឡាយស្រេចហើយ បួសជាឥសី ធ្វើអភិញ្ញានិងសមាបត្តិ ឲ្យកើតឡើង មានឫសឈើនិងផ្លែឈើក្នុងព្រៃជាអាហារ នៅក្នុងហិមវន្តប្បទេសដ៏ជាទីរីករាយ ។ ក្នុងកាលនោះ ព្រះរាជាទ្រង់រង្កៀសទោសដែលមិនមែនជាគុណ ទ្រង់ ព្រះតម្រិះថា បុគ្គលណាដែលពោលទោសមិនមែនគុណរបស់អាត្មាអញមានឬ ទើបទ្រង់ស្វែងរក មិនបានឃើញបុគ្គលណាមួយដែលពោលទោសរបស់ទ្រង់ ទាំងក្នុងអន្តោជននិងពាហិរជន ទាំងខាងក្នុងព្រះនគរនិងខាងក្រៅព្រះនគរ ទ្រង់ ព្រះតម្រិះថា ក្នុងអ្នកជនបទតើដូចម្តេចដែរហ្ន៎ ទើបក្លែងភេទយាងទៅតាមជនបទ សូម្បីក្នុងជនបទ ក៏ទ្រង់មិនបានឃើញអ្នកដែលពោលទោស ទ្រង់បាន ស្តាប់តែពាក្យសរសើរគុណរបស់ទ្រង់បុណ្ណោះ ទើបព្រះតម្រិះថា ក្នុងហិមវន្ត ប្បទេសដូចម្តេចដែរហ្ន៎ ហើយយាងចូលទៅកាន់ព្រៃ រហូតដល់អាស្រម របស់ព្រះពោធិសត្វ ទ្រង់អភិវាទព្រះពោធិសត្វហើយ ធ្វើបដិសណ្ឋារៈប្រថាប់ គង់ក្នុងចំណែកម្ខាង ។ កាលណោះព្រះពោធិសត្វ នាំផ្លែនិគ្រោធ ( ជ្រៃ ) ទុំអំពីព្រៃមកបរិភោ