ជម្ពុកជាតកទី ៥
ក្បាលទី 47 · ទំព័រ 240
( រាជសីហ៍និយាយថា ) នែចចក ដំរីនោះធំណាស់ មាន កាយក៏ខ្ពស់ មានភ្លុកក៏វែង ពួកសត្វកើតក្នុងត្រកូលរាជសីហ៍ណា រមែង ចាប់ដំរីបាន អ្នកឯងមិនមែនកើតក្នុងត្រកូលរាជសីហ៍នោះទេ ។ សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយមានះថា អញ ជារាជសីហ៍ សត្វនោះរមែងដេកថ្ងូរលើផែនដី ដូចជាចចកមកកាន់ដំរី ( ត្រូវ ដំរីជាន់ ) ។ ចចកនេះ មិនដឹងកម្លាំងកាយ កម្លាំងប្រាជ្ញា និងកំណើត របស់សីហៈដែលជាសត្វមានយស ជាសត្វឧត្តម ជាសត្វមានខ្លួនមាំមួន ជា សត្វមានកម្លាំងខ្លាំងសោះ ទើបត្រូវដំរីជាន់ស្លាប់ ។ ក្នុងលោកនេះ បុគ្គលណា បានពិចារណាឲ្យដឹងច្បាស់នូវ កម្លាំងកាយ និងកម្លាំងប្រាជ្ញា ក្នុងខ្លួន ជាអ្នកកំណត់ដោយការស្វាធ្យាយដោយ ការប្រឹក្សា ដោយសុភាសិត ( ជាមុន ) ទើបធ្វើការងារ បុគ្គលនោះឈ្មោះ ថា ឈ្នះនូវប្រយោជន៍ធំ គឺមិនសាបសូន្យប្រយោជន៍ ។