ព្រហាឆត្តជាតកទី ៦

ក្បាលទី 47 · ទំព័រ 246

( អាមាត្យពោធិសត្វទូលថា ) ព្រះអង្គត្រាស់ថាស្មៅៗ ដូច្នេះ តើនរណាហ្ន៎ លួចយកស្មៅរបស់ព្រះអង្គទៅ ហេតុដូចម្តេច បានជា ព្រះអង្គមានកិច្ច ដោយស្មៅ ទើបត្រាស់រកតែស្មៅប៉ុណ្ណោះ ។ ( ព្រះបាទពារាណសីត្រាស់ថា ) តាបសឈ្មោះឆត្តៈ មាន រាងកាយដ៏ខ្ពស់ ជាព្រហ្មចារីបុគ្គល ជាពហូសូត បានមកក្នុងទីនេះ លោក បានប្រមូលទ្រព្យរបស់យើងទាំងអស់ រួចដាក់ស្មៅ ( ក្នុងពាងទាំងឡាយ ) ហើយទៅបាត់ ។ ( ព្រះពោធិសត្វពោលថា ) ការកាន់យកទ្រព្យទាំងអស់របស់ ខ្លួនក្តី ការមិនកាន់យកស្មៅ ( ដែលមិនគួរយកទៅ ) នេះក្តី ជាកិច្ចដែល អ្នកប្រាថ្នានូវទ្រព្យដ៏ច្រើន ដោយយកស្មៅបន្តិចបន្តួច ( ជាលេស ) គប្បី ធ្វើយ៉ាងនេះឯង ( ព្រោះហេតុនោះ ) ឆត្តតាបស ដាក់ស្មៅក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការខ្សឹកខ្សួលធ្វើអ្វីក្នុងរបស់នោះ ។ ( ព្រះបាទពារាណសីត្រាស់ថា ) ពួកលោកអ្នកមានសីលធម៌ មិនធ្វើបែបនេះទេ ចំណែកមនុស្សពាល ទើបធ្វើសីលធម៌ទាំងឡាយរបស់ខ្លួន ( ឲ្យអាក្រក់ ) ភាពជាបណ្ឌិត នឹងធ្វើខ្លួនឲ្យជាបុគ្គលអ្នកទ្រុស្តសីល មាន សីលមិនខ្ជាប់ខ្ជួន ដូចម្តេចកើត ។