អដ្ឋកថា ព្រហាឆត្តជាតកទី ៦

ក្បាលទី 47 · ទំព័រ 247

[ ៦៤២-៦៤៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកុហក ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តិណំ តិណន្តិ លបសិ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានពោលទុកហើយដូចគ្នា ។ ចំណែករឿងក្នុងអតីតមាន សេចក្តីដូចតទៅនេះ ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានជាអាមាត្យ អ្នកទូន្មានអត្ថនិងធម៌របស់ព្រះរាជាអង្គនោះ ។ ព្រះបាទពារាណសី ទ្រង់លើកកងទ័ពធំទៅច្បាំងជាមួយព្រះបាទកោសល ទ្រង់ យាងដល់នគរសាវត្ថី ហើយចូលនគរចាប់ព្រះបាទកោសលបានដោយការធ្វើ ចម្បាំង ។ មានព្រះរាជឱរសព្រះនាមថាឆត្តកុមារ ។ ឆត្តកុមារនោះក្លែងភេទ គេចចេញទៅកាន់នគរតក្កសិលា រៀននូវត្រៃវេទនិងសិល្ប៍ស្រាស្ត ១៨ ប្រការ ហើយចេញអំពីនគរតក្កសិលា ត្រាច់សិក្សាសិប្បៈគ្រប់លទ្ធិ រហូតដល់បច្ចន្ត គ្រាមមួយ ។ មានតាបស ៥០០ រូបអាស្រ័យនៅក្នុងបច្ចន្តគ្រាមនោះ នា បណ្ណសាលាក្នុងព្រៃ ។ ព្រះរាជកុមារចូលទៅរកតាបសទាំងនោះ ហើយគិត ថានឹងសិក្សាអ្វីមួយ ក្នុងសម្នាក់របស់តាបសទាំងនេះ ទើបបួស ហើយរៀន យកលទ្ធិទាំងអស់ដែលតាបសទាំងនោះចេះ ។ ក្នុងកាលតមក ព្រះរាជកុមារ បានជាសាស្តាក្នុងគណៈ ថ្ងៃមួយហៅពួកឥសីមកហើយសួរថា លោកនិទ៌ុក្ខ ទាំងឡាយ ព្រោះហេតុអ្វីទើបពួកលោកមិនទៅកាន់មជ្ឈិមប្រទេស ពួកឥសី ពោលថា លោកនិទ៌ុក្ខ ឈ្មោះថាមនុស្សទាំងឡាយក្នុងមជ្ឈិមប្រទេស ជាបណ្ឌិត គេសួរបញ្ញា ឲ្យធ្វើអនុមោទនា ឲ្យពោលមង្គល រមែងតិះដៀល អ្នកមិនមានសមត្ថភាព យើងទាំងឡាយមិនទៅព្រោះ ការខ្លាចនោះ ។ ឆត្ត តាបសពោលថា លោកទាំងឡាយកុំខ្លាចឡើយ ខ្ញុំនឹងធ្វើកិច្ចទាំងអស់នោះ ។