អដ្ឋកថា ថុសជាតកទី ៨
[ ៦៥០-៦៥៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ព្រះបាទអជាតសត្តុ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វិទិតំ ថុសំ ដូច្នេះជាដើម ។ បានឮថា កាលព្រះបាទអជាតសត្តុនោះ នៅក្នុងព្រះឧទររបស់ព្រះមាតា ព្រះមាតារបស់ទ្រង់ ជាព្រះរាជធីតារបស់ព្រះបាទ ( មហា ) កោសល កើត ចាញ់ព្រះគភ៌ ចង់ផឹកព្រះលោហិតព្រះជានុខាងស្តាំ របស់ព្រះបាទពិម្ពិសារ ដោយអាការៈខ្លាំងក្លា ។ ព្រះនាងត្រូវស្រីស្នំអ្នកបម្រើទូលសួរទើបប្រាប់សេចក្តី នោះដល់ស្នំទាំងនោះ ចំណែកព្រះរាជាទ្រង់បានស្តាប់ហើយ ត្រាស់ឲ្យហៅ ហោរាអ្នកទាយនិមិត្តមកត្រាស់សួរថា បានឮថា ព្រះទេវីទ្រង់កើតការចាញ់ផ្ទៃ បែបនេះ ការសម្រេចរបស់ព្រះនាងដូចម្តេច ពួកហោរាអ្នកទាយនិមិត្តក្រាប ទូលថា សត្វដែលកើតក្នុងព្រះឧទរ របស់ព្រះទេវីនឹងផ្តាច់ព្រះជន្មរបស់ព្រះអង្គ ហើយដណ្តើមរាជសម្បត្តិ ។ ព្រះរាជាត្រាស់ថា បើបុត្តរបស់យើងសម្លាប់យើង ហើយដណ្តើមរាជសម្បត្តិ សេចក្តីនោះនឹងមានទោសដូចម្តេច ហើយទ្រង់ឆូត ព្រះជានុខាងស្តាំដោយកាំបិតដ៏មុត យកចានមាសត្រងព្រះលោហិត ហើយ ឲ្យដល់ព្រះទេវី ។ ព្រះទេវីទ្រង់ព្រះតម្រិះថា បើឱរសដែលកើតក្នុងព្រះឧទរ របស់អញផ្តាច់ព្រះជន្មបិតាសោត ប្រយោជន៍អ្វីដោយព្រះឱរសនោះ ទើបព្រះនាង ច្របាច់ផ្ទៃពោះដើម្បីឲ្យព្រះគភ៌ធ្លាក់ទៅ ។ ព្រះរាជាទ្រង់ជ្រាបទើបឲ្យហៅ ព្រះទេវីនោះមក ហើយត្រាស់ថា នែនាងដ៏ចម្រើន បានឮថា បុត្តរបស់យើង សម្លាប់យើងហើយដណ្តើមរាជសម្បត្តិ ឯយើងមិនចាស់ មិនស្លាប់ក៏មិនមែន ចូរនាងឲ្យយើងឃើញមុខកូនចុះ តាំងអំពីនេះទៅ ចូរនាងកុំធ្វើកម្មបែបនេះ ។ ចាប់តាំងអំពីនោះ ព្រះទេវីយាងទៅព្រះរាជឧទ្យាន ហើយឲ្យច្របាច់ព្រះគភ៌ ព