អដ្ឋកថា វានរជាតកទី ២
[ ៦៦៦-៦៦៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តដែលព្យាយាមសម្លាប់ព្រះអង្គ ទើបត្រាស់រឿងនេះ មានពាក្យផ្តើម ថា អសក្ខឹ វត អត្តានំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានឲ្យពិស្តារទុក ហើយនោះឯង ។ ចំណែករឿងក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុង នគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតស្វា ក្នុងហិមវន្តប្បទេស លុះ ចម្រើនវ័យហើយ នៅត្រង់ឆ្នេរស្ទឹងគង្គា ។ គ្រានោះក្រពើញីមួយ ក្នុងស្ទឹង គង្គា កើតចាញ់ផ្ទៃចង់បរិភោគសាច់បេះដូងរបស់ព្រះពោធិសត្វ ទើបប្រាប់ដល់ ក្រពើជាស្វាមី ។ ក្រពើជាស្វាមីគិតថា អញនឹងឲ្យស្វានោះ លិចចុះក្នុងទឹក ហើយសម្លាប់យកសាច់បេះដូងឲ្យក្រពើញីដែលជាភរិយា ទើបពោលជាមួយ ព្រះពោធិសត្វថា មកសម្លាញ់ ពួកយើងទៅស៊ីផ្លែឈើតូចធំត្រង់កោះជាមួយគ្នា ។ មហាសត្វពោលថា យើងនឹងទៅបានដូចម្តេច ក្រពើពោលថា ខ្ញុំនឹង ឲ្យឯងអង្គុយលើខ្នងខ្ញុំនាំទៅ ព្រះមហាសត្វមិនដឹងគំនិតរបស់ក្រពើនោះ ទើប លោតទៅអង្គុយលើខ្នង ។ ក្រពើទៅបានបន្តិច ក៏ពន្លិចខ្លួន លំដាប់នោះទើប ពានរពោលនឹងក្រពើថា នែអ្នក អ្នកឲ្យយើងលិចចុះក្នុងទឹកធ្វើអ្វី ក្រពើពោល ថា យើងនឹងសម្លាប់ឯង ហើយឲ្យសាច់បេះដូងដល់ភរិយារបស់យើង ។ ពានរ ពោលថា នែ ក្រពើល្ងង់ ឯងយល់ថាសាច់បេះដូងរបស់យើងនៅត្រង់ទ្រូងឬ ក្រពើពោលថា កាលបើដូច្នោះ បេះដូងរបស់ឯងនៅឯណា ពានរពោលថា ឯងមិនឃើញសាច់បេះដូងនោះដែលសំយុងនៅត្រង់ដើមល្វាទេឬ ក្រពើពោល ថា ឃើញ ឯងឲ្យដល់យើងឬ ពានរពោលថា អើយើងនឹងឲ្យ ។ ព្រោះភាព ល្ងង់ខ្លៅ ក្រពើក៏នាំពានរនោះទៅកាន់គល់ល្វានៅក្បែរមាត់ទឹក ។