កុន្តិនីជាតកទី ៣
ក្បាលទី 47 · ទំព័រ 288
( មេក្រៀលទូលស្តេចថា ) ខ្ញុំនៅអាស្រ័យក្នុងព្រះរាជ ដំណាក់ របស់ព្រះអង្គ ៗ ធ្វើសក្ការៈបូជាជានិច្ច ឥឡូវនេះ ព្រះអង្គបានធ្វើ ( នូវហេតុឲ្យខ្ញុំចេញទៅ ) បពិត្រមហារាជ បើដូច្នោះ ខ្ញុំព្រះអង្គនឹងទៅ ។ ( ព្រះរាជាពោធិសត្វត្រាស់ថា ) បុគ្គលណា ( ដឹង ) អំពើ អាក្រក់ ដែលអ្នកដទៃធ្វើហើយចំពោះខ្លួន ( ដឹង ) អំពើអាក្រក់តប ដែល ខ្លួនធ្វើតបតវិញ ពៀររបស់បុគ្គលនោះរមែងស្ងប់រម្ងាប់ដោយអាការយ៉ាងនេះ នែនាងក្រៀល ចូរនាងនៅចុះ កុំទៅឡើយ ។ ( មេក្រៀលនិយាយថា ) មិត្តភាពនៃបុគ្គលដែលត្រូវគេធ្វើ និងបុគ្គលអ្នកធ្វើ ( តប ) រមែងមិនតគ្នាទៀតបានឡើយ ចិត្តរបស់ខ្ញុំ មិន យល់តាមទេ បពិត្រព្រះអង្គប្រសើរក្នុងរថ ខ្ញុំនឹងទៅមិនខាន ។ ( ព្រះរាជាត្រាស់ថា ) មិត្តភាពរបស់បុគ្គលដែលត្រូវគេធ្វើ នឹងបុគ្គលអ្នកធ្វើ ( តប ) រមែងតគ្នាទៀតបាន ចំពោះពួកជន ជាអ្នកប្រាជ មិនចំពោះពួកជនពាលទេ ម្នាលនាងក្រៀលនាងចូរនៅចុះ នាងកុំទៅឡើយ ។