អដ្ឋកថា គជកុម្ភជាតកទី ៥

ក្បាលទី 47 · ទំព័រ 301

[ ៦៧៨-៦៨១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ខ្ជិលច្រអូសមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វនំ យទគ្គិ ទហតិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ជាកុលបុត្តអ្នកក្រុងសាវត្ថី បួសឧទ្ទិសខ្លួនក្នុងព្រះ សាសនា បានជាអ្នកខ្ជិលច្រអូសឆ្ងាយអំពីឧទ្ទេស ការរៀនព្រះបាលី ( ព្រះ ត្រៃបិដក ) ការសាកសួរ ការធ្វើយោនិសោមនសិការៈក្នុងកម្មដ្ឋាននិងវត្ត បដិបត្តិ មានកិច្ចវត្តជាដើម ជាបុគ្គលដែលត្រូវនីវរណៈគ្របសង្កត់ ជាអ្នក នៅយ៉ាងនោះគ្រប់ឥរិយាបថ មានការអង្គុយនិងការឈរជាដើម ។ ភិក្ខុទាំងឡាយ សន្ទនាគ្នាប្រារព្ធដល់ការខ្ជិលច្រអូសរបស់ភិក្ខុនោះក្នុងធម្មសភាថា អាវុសោ ទាំងឡាយ ភិក្ខុឈ្មោះនោះ បួសក្នុងព្រះសាសនាដែលជានេយ្យានិកៈ ជាគ្រឿងនាំចេញចាកទុក្ខបែបនោះ គង់ខ្ជិលច្រអូស ត្រូវនីវរណៈគ្របសង្កត់ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញ នេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នក ខ្ជិលច្រអូសដូចគ្នា ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វ បានជាអាមាត្យរតន៍របស់ព្រះរាជាអង្គនោះ ។