អយកូដជាតកទី ៧

ក្បាលទី 47 · ទំព័រ 314

( ពោធិសត្វពោលថា ) អ្នកណា ឈរកាន់ញញួរដែកទាំងមូល ធំហួសប្រមាណ លើអាកាស អ្នកនោះមកស្ថិតនៅដើម្បីរក្សាអញ ( ក្នុង ថ្ងៃនេះ ) ឬព្យាយាម ដើម្បីសម្លាប់អញ ។ ( យក្សពោលថា ) បពិត្រមហារាជ ខ្ញុំព្រះអង្គជាទូតរបស់ អារក្សទឹក ខ្ញុំព្រះអង្គត្រូវពួកអារក្សទឹកប្រើមកក្នុងទីនេះ ដើម្បីសម្លាប់ព្រះអង្គ តែថា ព្រះឥន្ទ្រជាស្តេចទេវតារក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គនឹងបំបែក ព្រះសិរ្ស៍របស់ព្រះអង្គមិនបានទេ ។ ( ពោធិសត្វពោលថា ) បើទេវរាជ ទេវានមិន្ទ មឃវៈ សុជម្បតិ រក្សានូវអញ ម្នាលបិសាច អារក្សទាំងអស់ ចូរបន្លឺឡើងតាមសេចក្តី ប្រាថ្នាចុះ យ៉ាងអញមិនតក់ស្លុត ចំពោះពួកអារក្សទឹកទេ ។ ពួកកុម្ភណ្ឌនិងពួកបិសាច នៅលើគំនរសំរាមទាំងអស់ ចូរ កម្ចាត់តាមសេចក្តីប្រាថ្នាចុះ នែបិសាច ពួកបិសាចទាំងអស់មិនអាចដើម្បី ច្បាំងនឹងអញបានទេ ការបន្លាចគួរឲ្យខ្លាចនោះធំណាស់ ( តែអញមិនខ្លាចឯង ទេ ) ។