អដ្ឋកថា អយកូដជាតកទី ៧

ក្បាលទី 47 · ទំព័រ 315

[ ៦៨៦-៦៨៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សព្វាយសំ កូដំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន មានជាក់ច្បាស់ ក្នុងមហាកណ្ញជាតក ចំណែករឿងក្នុងអតីត មានដូចតទៅនេះ ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះបាទព្រហ្មទត្តនោះ ។ លុះចម្រើនវ័យហើយ រៀនសិល្ប៍ស្រាស្តចប់ហើយ កាលព្រះរាជបិតាសោយ ទិវង្គតទៅ បានតាំងនៅក្នុងរាជសម្បត្តិ ទ្រង់គ្រងរាជដោយធម៌ ។ ក្នុងកាល ណោះ មនុស្សទាំងឡាយគោរពទេវតាជាមង្គល សម្លាប់ពពែជាដើមសន្ធឹក សន្ធាប់ធ្វើពលីកម្មដល់ទេវតាទាំងឡាយ ។ ព្រះពោធិសត្វឲ្យវាយស្គរប្រកាស ថា មិនត្រូវសម្លាប់សត្វមានជីវិត ។ យក្ខទាំងឡាយកាលមិនបានពលីកម្ម ទើបក្រោធនឹងព្រះពោធិសត្វ បានទៅកាន់សមាគមយក្ខ ក្នុងហិមវន្តប្បទេស បញ្ជូនយក្ខម្នាក់ដែលកាចឃោរឃៅទៅ ដើម្បីសម្លាប់ព្រះពោធិសត្វ ។ យក្ខ នោះ កាន់ញញួរដែកដែលមានកម្តៅ ដ៏ធំ ប្រមាណបុនហោជាង ដោយតាំងចិត្ត ថានឹងប្រហារព្រះពោធិសត្វ ដោយញញួរដែកនេះឲ្យស្លាប់ ទើបឈរត្រង់ ក្បាលដំណេកព្រះពោធិសត្វ ក្នុងរវាងមជ្ឈិមយាម ។ ខណៈនោះ អាសនៈ របស់សក្កទេវរាជសម្តែងអាការៈក្តៅ ទើបទ្រង់រំពឹងមើល ទ្រង់បានជ្រាបហេតុ នោះ ទ្រង់ក៏កាន់វជិរាវុធយាងមក ហើយបានប្រថាប់ឈរ ខាងលើយក្ខ ។ ព្រះពោធិសត្វបានឃើញយក្ខហើយគិតថា យក្ខនេះឈររក្សាអាត្មាអញ ឬ ឈរបំណងនឹងសម្លាប់អញ កាលចរចានឹងយក្ខនោះ ទើបពោលគាថាទី ១ ថា អ្នកណា ឈរកាន់ញញួរដែកទាំងមូលធំហួសប្រមាណ លើ អាកាស អ្នកនោះមកស្ថិតនៅដើម្បីរក្សាអញ ( ក្នុងថ្ងៃនេះ