សន្ធិភេទជាតកទី ៩
ក្បាលទី 47 · ទំព័រ 324
( ព្រះរាជាមានព្រះឱង្ការនឹងសារថីថា ) ម្នាលសារថី សេចក្តី ស្មើគ្នា ( របស់សត្វទាំង ២ ) ក្នុងសត្វញីទាំងឡាយមិនមាន ក្នុងចំណី អាហារទាំងឡាយក៏មិនមានដែរ អ្នកចូរមើលគំនិតរបស់ចចក អ្នកបំបែកនូវ តំណនៃមិត្តនោះ គិតមើលឲ្យល្អចុះ ។ ពួកម្រឹគអធម៌ ( ចចក ) ស៊ីគោផង ស៊ីសីហៈផង ព្រោះ សេចក្តីញុះញង់ណា សេចក្តីញុះញង់នោះ រមែងប្រែប្រួល ដូចជាដាវមុតក្នុង សាច់ ។ ម្នាលសារថី អ្នកឃើញកិរិយាដេកស្លាប់ ( នៃសត្វទាំង ២ ) នេះ បុគ្គលណាជឿពាក្យរបស់បុគ្គលអ្នកញុះញង់បំបែកនូវតំណនៃមិត្ត បុគ្គល នោះរមែងដេកស្លាប់យ៉ាងនេះ ( ពុំខាន ) ។ ម្នាលសារថី ពួកជនណាមិនជឿពាក្យញុះញង់របស់អ្នកបំបែក នូវតំណនៃមិត្ត ពួកជននោះតែងបាននូវសេចក្តីសុខ ដូចជាពួកនរជនអ្នកទៅ កើតក្នុងឋានសួគ៌ដូច្នោះ ។