អដ្ឋកថា មណិកុណ្ឌលជាតកទី ១

ក្បាលទី 47 · ទំព័រ 335

[ ១-៥ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអាមាត្យ អាក្រក់ដែលសម្រេចប្រយោជន៍ទាំងពួង ខាងក្នុងព្រះរាជវាំង របស់ព្រះបាទ កោសល ទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា ជិន្នោ រដ្ឋស្សមណិកុណ្ឌលេ ច ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នបានឲ្យពិស្តារទុកហើយខាងដើមនោះឯង ។ ចំណែកក្នុង ជាតកនេះ ព្រះពោធិសត្វបានជាព្រះបាទពារាណសី ។ អាមាត្យអាក្រក់ នាំ ព្រះបាទកោសលមកដណ្តើមយកកាសិករដ្ឋ ចាប់ព្រះបាទពារាណសីដាក់ក្នុង គុក ព្រះបាទពារាណសីធ្វើឈានឲ្យកើតឡើងហើយ អង្គុយពត់ភ្នែនក្នុងអាកាស ។ ការក្តៅក្រហាយកើតឡើងក្នុងរាងកាយរបស់ចោររាជ ។ ចោររាជ នោះចូលទៅរកព្រះបាទពារាណសី ហើយពោលគាថាទី ១ ថា ព្រះអង្គសាបសូន្យចាកដែន សេះ កែវមណីនិងកុណ្ឌល សាបសូន្យ ចាកបុត្តនិងភរិយាដូច្នោះដែរ កាលបើភោគទាំងអស់មិន មានសេសសល់ទេ តើហេតុអ្វីទើបព្រះអង្គមិនក្តៅក្រហាយក្នុង កាលដែលគួរសោកស្តាយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ជីនោ រថស្សំ មណិកុណ្ឌលេ ច សេចក្តីថា បពិត្រមហារាជ ទ្រង់លះបង់នូវរថ សេះនិងកុណ្ឌលកែវមណីទាំងឡាយ ។ បាលីថា ជីនោ រថស្សេ ច មណិកុណ្ឌលេ ច ដូច្នេះក៏មាន ។ បទថា អសេសកេសុ បានដល់ មិនសេសសល់ឡើយ ។ ព្រះពោធិសត្វបានស្តាប់ដូច្នោះទើបពោលគាថា ២ ថា ភោគៈទាំងឡាយលះបង់សត្វមុនក៏មាន សត្វលះបង់ភោគៈ ទាំងនោះមុនក៏មាន បពិត្រព្រះអង្គទ្រង់ប្រាថ្នាកាម ជនអ្នកមាន ភោគៈទាំងឡាយមិនទៀងទេ ព្រោះហេតុនោះទើបខ្ញុំមិនសោកស្តាយ ក្នុងកាលដែលគួរសោកស្តាយ ។