អដ្ឋកថា សុជាតជាតកទី ២

ក្បាលទី 47 · ទំព័រ 340

[ ៦-១០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុដុម្ពិកៈ ដែលបិតាស្លាប់ ទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា កិន្នុ សន្តរ មានោវ ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈនោះកាលបិតាស្លាប់ហើយ ត្រាច់បរិទេវនាការ មិន អាចបន្ទោបង់សេចក្តីសោកបាន ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ឃើញ ឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ទ្រង់នាំបច្ឆាសមណៈយាងទៅ បិណ្ឌបាតក្នុងនគរសាវត្ថី យាងទៅដល់ផ្ទះរបស់កុដុម្ពិកៈនោះ គង់លើអាសនៈ ដែលគេក្រាលទុក ទើបត្រាស់នឹងកុដុម្ពិកៈនោះដែលនមស្ការហើយ អង្គុយ ក្នុងទីសមគួរថា ឧបាសក អ្នកសោយសោកឬ កុដុម្ពិកៈក្រាបទូលថា ករុណា ព្រះអង្គ ទើបព្រះសាស្តាត្រាស់ថា អាវុសោ បោរាណកបណ្ឌិតទាំងឡាយ ស្តាប់ ពាក្យរបស់បណ្ឌិតទាំងឡាយហើយ កាលបិតាស្លាប់ មិនសោយសោកឡើយ ។ កាលកុដុម្ពិកៈទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងផ្ទះរបស់កុដុម្ពិកៈ ញាតិទាំងឡាយបានដាក់ឈ្មោះរបស់ ព្រះពោធិសត្វថា សុជាតកុមារ ។ កាលសុជាតកុមារនោះចម្រើនវ័យហើយ ជីតាបានធ្វើកាលកិរិយាទៅ ។ លំដាប់នោះ ពុករបស់សុជាតកុមារនោះក៏ ចម្រើនដោយសេចក្តីសោក ចាប់តាំងពីកាលបិតាធ្វើកាលកិរិយា ទើបទៅកាន់ ព្រៃខ្មោចនាំឆ្អឹងមកអំពីព្រៃ សាងស្តូបដីទុកក្នុងចម្ការរបស់ខ្លួន ហើយកប់ឆ្អឹង ទាំងនោះក្នុងចម្ការនោះ ឲ្យពេលវេលាកន្លងទៅ បានបូជាស្តូបដោយផ្កាទាំងឡាយ ដើរឆ្វែលចេតិយយំរៀបរាប់ មិនងូតទឹក មិនលាបស្រឡាប មិន បរិភោគ មិនចាត់ចែងការងារទាំងពួង ។