អដ្ឋកថា ធង្កជាតកទី ៥
[ ២១-២៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអាមាត្យរបស់ព្រះបាទកោសល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា អញ្ញេ សោចន្តិ រោទន្តិ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នដូចគ្នានឹងរឿងដែលពោលហើយខាងដើមនោះឯង ចំណែក ក្នុងជាតកនេះ ព្រះរាជាទ្រង់ប្រទានយសធំដល់អាមាត្យ ដែលឧបការៈទ្រង់ ក្រោយមក ទ្រង់ជឿពាក្យញុះញង់ ទើបទ្រង់ចងអាមាត្យនោះ ហើយឲ្យឃុំ ឃាំងក្នុងគុក ។ អាមាត្យនោះអង្គុយក្នុងគុកនោះឯង ធ្វើសោតាបត្តិមគ្គឲ្យកើត ហើយ ព្រះរាជាទ្រង់កំណត់ដល់គុណរបស់អាមាត្យនោះ ទើបឲ្យដោះលែងពី គុក ។ អាមាត្យនោះ ទើបកាន់យកគ្រឿងក្រអូបនិងផ្កាកម្រងទៅកាន់សម្នាក់ របស់ព្រះសាស្តា ថ្វាយបង្គំហើយអង្គុយ ។ លំដាប់នោះ ព្រះសាស្តាត្រាស់ សួរអាមាត្យនោះថា បានឮថា វត្តុមិនមែនជាប្រយោជន៍ កើតឡើងដល់អ្នកឬ អាមាត្យនោះក្រាបទូលថា ករុណាព្រះអង្គ ប្រយោជន៍ក៏មកដល់ខ្ញុំព្រះអង្គ ដោយវត្ថុដែលមិនជាប្រយោជន៍ គឺសោតាបត្តិមគ្គកើតឡើងហើយ ។ ទើប ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកបុណ្ណោះទេដែលនាំយក ប្រយោជន៍ ដោយវត្ថុដែលមិនមែនជាប្រយោជន៍ សូម្បីបុរាណកបណ្ឌិត ទាំងឡាយ ក៏នាំមកហើយ កាលអាមាត្យនោះទូលអារាធនា ទើបទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ បានបដិសន្ធិក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះបាទព្រហ្មទត្ត អង្គនោះ ព្រះញាតិទាំងឡាយបានថ្វាយព្រះនាមព្រះពោធិសត្វថា ឃដកុមារ ។ សម័យតមក ឃដកុមារនោះ រៀនសិប្បៈក្នុងនគរតក្កសិលា ហើយគ្រងរាជ សម្បត្តិដោយធម៌ ។