អដ្ឋកថា លដុកិកជាតកទី ៧

ក្បាលទី 47 · ទំព័រ 379

[ ៣១-៣៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វន្ទាមិ តំ កុញ្ជរំ សដ្ឋិហាយនំ ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោ ទាំងឡាយ ទេវទត្តជាមនុស្សរឹងត្អឹង គ្រោតគ្រាត ឃោរឃៅ ទេវទត្ត នោះមិនមានសូម្បីតែករុណាក្នុងពួកសត្វ ។ ព្រះសាស្តាយាងមកហើយត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយ រឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេសូម្បី ក្នុងកាលមុន ទេវទត្តនេះ ក៏ជាអ្នកមិនមានសេចក្តីករុណាដូចគ្នា ទើបទ្រង់នាំយក អតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតដីរី ចម្រើនវ័យហើយ មានរាងកាយធំគួរជ្រះថ្លា ជាមេហ្វូង មានដំរី ៨ ម៉ឺនជាបរិវារ នៅក្នុងហិមវន្តប្បទេស ។ គ្រានោះ ចាបចៀបកប្បាសមួយ កាច់សម្បុកពងក្នុងទីមួយកន្លែង ដែលជាទីត្រាច់ទៅ របស់ពួកដំរី ។ កូនបក្សីទាំងឡាយញាស់ចេញមក កាលកូនបក្សីទាំងនោះ ស្លាបមិនទាន់អាចហើរទៅបាន ព្រះមហាសត្វដែលដំរី ៨ ម៉ឺន ចោមរោម ដើររកអាហារទៅដល់កន្លែងនោះ ចាបចៀបកប្បាសឃើញដូច្នោះ គិតថា ស្តេចដំរីនេះនឹងជាន់កូនទាំងឡាយរបស់អញស្លាប់ ណ្ហើយចុះ អញនឹងសូម នូវការរក្សាដែលប្រកបដោយធម៌ជាមួយស្តេចដំរីនេះ ដើម្បីការពារនូវកូនតូច ទាំងឡាយរបស់អញ ។ កាលគិតហើយ ចាបនោះក៏ផ្គងស្លាបទាំងពីរចូលគ្នា ហើយឈរខាងមុខស្តេចដំរីនោះ ពោលគាថាទី ១ ថា ខ្ញុំសូមថ្វាយបង្គំលោក ជាដំរី