ចុល្លធម្មបាលជាតកទី ៨

ក្បាលទី 47 · ទំព័រ 385

( ព្រះនាងចន្ទាទេវីពោលថា ) ខ្ញុំម្ចាស់ជាស្រីប្រទូស្តជាអ្នក បំផ្លាញនូវសេចក្តីចម្រើនដល់ស្តេចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល ( ជាកូនខ្ញុំ ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់ ស្តេចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាល នេះចេញ សូមកាត់នូវជើងទាំងឡាយរបស់ខ្ញុំវិញចុះ ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់ ស្តេចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាលរបស់ខ្ញុំម្ចាស់វិញចុះ ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហបឫទ័យល្អរបស់ស្តេចនេះ មិនមានទេឬ បានជាមិននិយាយឃាត់ស្តេចថា សូមព្រះអង្គកុំសម្លាប់បុត្តជា ឱរស ។ ពួកមិត្ត ញាតិ និងជនអ្នកមានហបឫទ័យល្អរបស់ស្តេចនេះ មិនមានទេឬ បានជាមិននិយាយឃាត់ស្តេចថា សូមព្រះអង្គកុំសម្លាប់បុត្តដែល កើតអំពីខ្លួន ។ ដើមដៃទាំងឡាយដែលលាបដោយខ្លឹមចន្ទន៍របស់ធម្មបាល អ្នក ជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។