សីលវីមំសជាតកទី ២

ក្បាលទី 47 · ទំព័រ 418

( ព្រាហ្មណ៍ពោធិសត្វពោលថា ) ខ្ញុំមានសេចក្តីសង្ស័យថា សីល ជារបស់ប្រសើរ ឬសុតៈជារបស់ប្រសើរ សីល ( មារយាទ ) ជារបស់ ប្រសើរជាងសុតៈ ( ការចេះដឹង ) ខ្ញុំមិនមានសេចក្តីសង្ស័យដូច្នោះឡើយ ។ ជាតិនិងវណ្ណៈឥតអំពើ សីលហ្នឹងឯងទើបឧត្តម បុគ្គលកាលបើ ប្រាសចាកសីលហើយ ប្រយោជន៍ដោយសុតៈមិនមានទេ ។ ក្សត្រិយ៍មិនឋិតនៅក្នុងធម៌ ( ច្បាប់ ) វេស្សៈមិនអាស្រ័យ ធម៌ ពួកជនទាំងនោះ រមែងលះបង់លោកទាំងពីរទៅកាន់ទុគ្គតិ ។ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាលនិងបុក្កុសជន ប្រព្រឹត្តធម៌ក្នុងលោកនេះ រមែងស្មើគ្នាក្នុងទេវលោក ។ វេទក៏មិនមែនឲ្យសុខក្នុងបរលោក ជាតិក៏មិនមែនឲ្យសុខក្នុង បរលោក ផៅពង្សក៏មិនមែនឲ្យសុខក្នុងបរលោក មានតែសីលដ៏បរិសុទ្ធរបស់ ខ្លួន ទើបនាំមកនូវសេចក្តីសុខក្នុងបរលោក ។