ហិរិជាតកទី ៣

ក្បាលទី 47 · ទំព័រ 424

( ពារាណសីសេដ្ឋីពោលថា ) បណ្ឌិតគប្បីដឹងច្បាស់ នូវ បុគ្គលដែលលះបង់នូវសេចក្តីខ្មាស គួរខ្ពើមរអើម ( ដោយមេត្តាភាវនា ) ដែល គ្រាន់តែពោលថា ខ្ញុំ ( ជាមិត្ត ) របស់អ្នក តែមិនកាន់យកនូវអំពើដ៏ប្រសើរ ថា អ្នកនុ៎ះមិនមែនជាមិត្តរបស់អញ ។ ពិតណាស់ បុគ្គលធ្វើនូវអំពើណា គួរនិយាយចំពោះអំពើនោះ បុគ្គលមិនធ្វើនូវអំពើណា មិនគួរនិយាយចំពោះអំពើនោះ ពួកបណ្ឌិតតែង ស្គាល់ច្បាស់នូវបុគ្គលដែលមិនធ្វើ គ្រាន់តែនិយាយ ។ បុគ្គលណាជាអ្នកប្រយ័ត្នក្នុងកាលទាំងពួង រង្កៀសក្នុងការបែកធ្លាយ ( ចំពោះមិត្ត ) សម្លឹងរំពៃរកទោសតែម្យ៉ាង អស់កាលជានិច្ច អ្នក នោះមិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណាដែលពួកជនដទៃបំបែកមិន បាន រមែងដេកនៅរួមដូចជាកូនដែលកើតអំពីទ្រូង បុគ្គលនោះទើបឈ្មោះថា មិត្តដោយពិត ។ កុលបុត្តអ្នកមានផលានិសង្ស កាលនាំទៅនូវធុរៈជារបស់បុរស រមែងចម្រើននូវហេតុជាគ្រឿងធ្វើនូវបាមោជ្ជៈ ជាគ្រឿងនាំមកនូវសេចក្តីសរសើរជាសុខ ។ បុគ្គលផឹកនូវរសនៃវិវេកធម៌ផង នូវរសនៃសេចក្តីស្ងប់រម្ងាប់ផង ផឹកនូវរសនៃធម្មបីតិផង ទើបជាអ្នកមិនមានកង្វល់មិនមានបាប ។