អហិតុណ្ឌិកជាតកទី ៥

ក្បាលទី 47 · ទំព័រ 431

( អហិតុណ្ឌិកបុរសអ្នកចាប់ពស់និយាយនឹងស្វាថា ) ម្នាល សម្លាញ់មានមុខល្អ ខ្ញុំជាអ្នកលេងល្បែងចាញ់ហើយ ដោយល្បែងភ្នាល់ អ្នកចូរ ទម្លាក់នូវផ្លែស្វាយទុំ យើងស៊ីដោយសារសេចក្តីព្យាយាមរបស់អ្នក ។ ( ស្វានិយាយថា ) ម្នាលសម្លាញ់ ពាក្យនេះពេញជាកុហក អ្នកសរសើរខ្ញុំដោយពាក្យមិនពិត ស្វាណាឈ្មោះថាមានមុខល្អ ដែលអ្នកធ្លាប់ ឮ ឬធ្លាប់ឃើញ ។ ម្នាលអហិតុណ្ឌិកៈ អ្នក ( ធ្វើ ) នូវអំពើណាចំពោះខ្ញុំ អំពើ នោះ ( មាន ) ក្នុងចិត្តអញក្នុងថ្ងៃនេះឯង អ្នកចូលទៅឯផ្សារលក់ស្រូវ ជា អ្នកស្រវឹងហើយវាយខ្ញុំដែលកំពុងស្រេកឃ្លាន ។ ខ្ញុំកាលនឹកឃើញហេតុនោះ ដេកជាទុក្ខ ទោះបីអ្នកឲ្យខ្ញុំ សោយរាជ្យ ហើយអ្នកសុំស្វាយខ្ញុំ ខ្ញុំក៏មិនឲ្យ ព្រោះខ្ញុំត្រូវភ័យគំរាមហើយ។ អ្នកប្រាជស្គាល់នូវបុគ្គលណា ដែលកើតក្នុងត្រកូល ជាអ្នក ឆ្អែតស្កប់ស្កល់ក្នុងគភ៌ ជាអ្នកមិនកំណាញ់ គួរចងសម្លាញ់ ចងមិត្តនឹងបុគ្គល នោះ ។