អដ្ឋកថា អហិតុណ្ឌិកជាតកទី ៥

ក្បាលទី 47 · ទំព័រ 432

[ ៧២-៧៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ចាស់មួយរូបទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធុត្តោម្ហិ ដូច្នេះ ជាដើម ។ រឿងបច្ចុប្បន្នបានឲ្យពិស្តារហើយ ក្នុងសាលកជាតកខាងដើម ។ ក្នុង ជាតកនេះ ភិក្ខុចាស់នោះបានឲ្យក្មេងអ្នកស្រុកម្នាក់បួស ហើយជេរនឹងវាយ ។ ក្មេងនោះក៏សឹករត់ទៅ ក្នុងលើកទី ២ បានឲ្យក្មេងនោះបួសហើយ ក៏បានធ្វើ ដូចមុន ។ ក្នុងលើកទី ២ ក្មេងនោះក៏សឹក កាលភិក្ខុចាស់នោះលួងលោមទៀត ក៏មិនប្រាថ្នាសូម្បីសម្លឹងមើល ។ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភា ថា អាវុសោទាំងឡាយ ភិក្ខុចាស់ឈ្មោះនោះ មិនអាចប្រព្រឹត្តទៅដើម្បីរួម ឬ ព្រាត់ប្រាសអំពីសាមណេររបស់ខ្លួន ចំណែកសាមណេរ ឃើញទោសរបស់ ព្រះថេរៈចាស់នោះ មិនប្រាថ្នាដើម្បីនឹងមើលទៀត សាមណេរនោះជាក្មេងចិត្ត ល្អ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់ មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន សាមណេរ នេះ ក៏ជាបុគ្គលចិត្តល្អពិត ឃើញទោសតែម្តង មិនប្រាថ្នានឹងក្រឡេកមើល ទៀត ទើបទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឈ្មួញជួញស្រូវ ចម្រើនវ័យហើយ ទើបចិញ្ចឹម ជីវិតដោយការជួញស្រូវ ។ កាលនោះ មានអាលម្ពាយម្នាក់ ចាប់ស្វាមក បង្វឹកឲ្យលេងជាគូនឹងពស់ កាលគេឃោសនាការលេងមហោស្រព ក្នុងនគរ ពារាណសី ទើបដឹកស្វានោះមកទុកក្នុងសម្នាក់របស់ពាណិជ