កុម្ភិយជាតកទី ៦

ក្បាលទី 47 · ទំព័រ 436

( ព្រះសម្ពុទ្ធទ្រង់ពោលថា ) ថ្នាំពិសមានពណ៌ល្អ មានរស ឆ្ងាញ់ មានក្លិនក្រអូប យក្ខឈ្មោះគុម្ភិយៈ ស្វែងរកអាហារបានដាក់ថ្នាំពិស ( ទុកនៅ ) ក្នុងព្រៃ ។ ជនទាំងឡាយណា សម្គាល់ថ្នាំពិសថាជាវត្ថុផ្អែម ក៏លិទ្ធភ្លក្ស នូវថ្នាំពិសនោះ ជនទាំងឡាយនោះ ក៏ពុលដល់នូវសេចក្តីស្លាប់ ដោយថ្នាំពិស នោះ ។ ជនទាំងឡាយណា ពិចារណាឃើញច្បាស់ថាជាថ្នាំពិសហើយ វៀរចេញ ជនទាំងឡាយនោះដល់នូវសេចក្តីសុខក្នុងពួកជនកំពុងក្តៅក្រហាយ ជាអ្នកត្រជាក់ចិត្តក្នុងពួកជនកំពុងក្តៅរោលរាល ។ ថ្នាំពិសតែងប្រជុំចុះទៀបផ្លូវធំ យ៉ាងណាមិញ កាមទាំងឡាយ ដូចជាពិស តែងប្រជុំចុះក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ កាមគុណនេះជា នុយជាចំណង ជាអំណាចនៃមច្ចុ ជាគុហា ជាទីអាស្រ័យនៅនៃមច្ចុ ។ ជនទាំងឡាយជាអ្នកក្តៅក្រហាយ លះវៀរនូវកាមទាំងនេះ ដែលជាគ្រឿងប្រើប្រាស់ អស់កាលទាំងពួង ជនទាំងឡាយនោះ ក៏រមែង កន្លងនូវកិលេសជាគ្រឿងជាប់ក្នុងលោកបាន ។