តចសារជាតកទី ៨
( ស្តេចព្រហ្មទត្តសួរថា ) អ្នកទាំងឡាយនៅក្នុងកណ្តាប់ដៃ សត្រូវ ជាប់ដោយឃ្នាងឫស្សី តែនៅមានមុខស្រស់បស់ ព្រោះហេតុអ្វីទើប អ្នកទាំងឡាយមិនសោយសោក ។ ( ពោធិសត្វទូលតបថា ) សេចក្តីចម្រើនសូម្បីមានប្រមាណ តិច ក៏គេមិនដែលបាន ព្រោះសេចក្តីសោកខ្សឹកខ្សួលទេ ជនជាសត្រូវទាំងឡាយ ដឹងច្បាស់នូវបុរសនេះដែលកំពុងសោកដល់នូវទុក្ខហើយ រមែងជាអ្នក មានចិត្តត្រេកអរ ។ កាលណាបណ្ឌិតអ្នកឈ្លាសក្នុងការវិនិច្ឆ័យនូវប្រយោជន៍ មិន ញាប់ញ័រក្នុងអន្តរាយទាំងឡាយ កាលនោះ បុគ្គលជាសត្រូវជាទុក្ខ ព្រោះ ឃើញនូវមុខរបស់បណ្ឌិតនោះ មិនប្រែប្រួលនៅដូចអំពីដើម ។ បុគ្គលបាននូវប្រយោជន៍ ព្រោះការរាយមន្តក្តី ការប្រឹក្សាក្តី ពោល ពាក្យពីរោះក្តី ការឲ្យសំណូកក្តី ប្រវេណីក្តី ក្នុងទីណា យ៉ាងណាៗ ត្រូវប្រឹង ប្រេងក្នុងទីនោះ យ៉ាងនោះៗ ។ កាលណាបុគ្គលដឹងថាប្រយោជន៍នុ៎ះ ទោះបីអញ ឬបុគ្គល ដទៃមិនគប្បីបាន បណ្ឌិតមិនសោកស្តាយ ត្រូវអត់ធន់ ដោយគិតថា កម្ម មានកម្លាំងមាំ ឥឡូវនេះ អាត្មាអញនឹងធ្វើដូចម្តេច ។