មិត្តវិន្ទុកជាតកទី ៩

ក្បាលទី 47 · ទំព័រ 452

( មិត្តវិន្ទុកៈពោលថា ) ខ្ញុំបានធ្វើអំពើដូចម្តេច ដល់ពួកទេវតា ខ្ញុំបានធ្វើបាបដូចម្តេច ទើបចក្កសង្កត់លើក្បាល វិលកិនអំបែងក្បាលរបស់ខ្ញុំ ដោយបាបណា ( បាបនោះដូចម្តេចខ្លះ ) ។ ( ទេវបុត្តពោធិសត្វពោលថា ) អ្នកឯងកន្លងផុតនូវប្រាសាទ កែវផលិក ប្រាសាទប្រាក់ ប្រាសាទកែវមណី ប្រាសាទមាស ហើយមកក្នុង ទីនេះដោយហេតុអ្វី ។ ( មិត្តវិន្ទុកៈពោលថា ) អ្នកចូរមើលខ្ញុំ ដល់នូវសេចក្តីវិនាស ដោយសេចក្តីសម្គាល់នេះថា ភោគៈទាំងឡាយច្រើនជាង ភោគៈទាំងឡាយ ក្នុងទីនេះប្រហែលជានឹងមានក្នុងទីនោះ ។ ( ពោធិសត្វពោលថាអ្នកចេញ ) អំពីវេមានិកប្រេត ៤ នាក់ ទៅ ក៏បាននូវវេមានិកប្រេត ៨ នាក់ ( ចេញ ) អំពីវេមានិកប្រេត ៨ នាក់ទៅ ក៏បាននូវវេមានិកប្រេត ១៦ នាក់ ( ចេញ ) អំពីវេមានិកប្រេត ១៦ នាក់ទៅ ក៏បាននូវវេមានិកប្រេត ៣២ នាក់ អ្នកកាលប្រាថ្នាខ្លាំងពេក ទើបមកប្រទះនឹងចក្ក ចំណែកខាងចក្ក ក៏វិលកិនអំបែងក្បាលរបស់សត្វដែល ត្រូវសេចក្តីច្រណែនបៀតបៀន ។ តណ្ហាជាធម្មជាតិដ៏ទូលាយក្នុងខាងលើ ដែលសត្វបំពេញបាន ដោយក្រ ជាដំណើរដ៏រវះរវាមដោយអំណាចនៃសេចក្តីប្រាថ្នា ពួកជនណាជាប់ ចំពាក់ដោយតណ្ហានោះ ពួកជននោះរមែងទ្រទ្រង់នូវចក្ក ។